KCSM 2023-02-10 10-45am

ប្រជានជនកម្ពុជាត្រូវបានគេចាត់ទុកថា មានកម្រិតនៃភាពវៃឆ្លាត (Intelligence Quotient) ខ្ពស់លំដាប់ថ្នាក់លេខ២ នៅអាស៊ាន និង ឈរ​លំដាប់ថ្នាក់លេខ១៥ នៅលើពិភពលោកនាឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AKP នាថ្ងៃ ព្រហស្បតិ័ ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣។
នៅក្នុងការចេញផ្សាយឆ្នាំ២០២៣ ថ្មីៗនេះ ការត្រួតពិនិត្យចំនួនប្រជាជនពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ឲ្យឈរលើចំណាត់ថ្នាក់ទី១៥ ដែលមានកម្រិតនៃភាពវៃឆ្លាត IQ ជាមធម្យម ៩៩.៧៥ ក្នុងចំណោមប្រជាជនសរុបចំនួន ១៦លាន៩៤ម៉ឺន៤ពាន់៨២៦នាក់ ឈរនៅក្រោមទីក្រុង ម៉ាកាវ របស់ប្រទេសចិនបន្ដិច ដោយប្រជាជនចិនមានកម្រិត IQ ៩៩.៨២។យោងតាមប្រភពដដែល ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោកជាមួយនឹងពិន្ទុ ១០៦.៤៨ ខណៈកោះតៃវ៉ាន់ឈរលើចំណាត់ថ្នាក់លេខ២ នៅពីក្រោយប្រទេសជប៉ុន ដោយមានពិន្ទុ ១០៦.៤៧។
លើសពីនេះ របាយការណ៍ត្រួតពិនិត្យចំនួនប្រជាជនពិភពលោកបានចង្អុលបង្ហាញថា ប្រជាជនកម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ជាង ២២លាននាក់ នៅឆ្នាំ២០៦៩ ពោលគឺកើនឡើងច្រើនជាងប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន៕