Kcsm2022-09-07 04-17pm

ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២២ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅ បណ្តាខេត្តក្នុងភូមិសាស្រ្តជាប់តំបន់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា។

បើតាម ក្រសួងធនធានទឹក បច្ចុប្បន្ន ប្រទេស កម្ពុជា បាន ទទួល រង ឥទ្ធិពល ពី ប្រព័ន្ធ សម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុង និរតី ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដោយវានឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាព អតិបរមា មាន ពី ៣៣-៣៥ °C នឹង អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះ តំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាព អប្បបរមាមានពី ២២-២៤ °C សីតុណ្ហភាព អតិបរមា មានពី ៣២-៣៤ °C នឹង អាចមាន ភ្លៀង នៅក្នុង កម្រិត ពី មធ្យម ទៅ ច្រើន លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។

ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមាន ពី ២២-២៤ °C សីតុណ្ហភាព អតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ៕