មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ÷ផ្តាំកូនខ្មែរអោយចងចាំនូវទង្វើរបស់ថៃ នៅឆ្នាំ២០២៥ និងប្រែក្លាយកំហឹងនេះទៅជាការខិតខំប្រឹងរៀនសូត្រ
KCSM 2025-08-01 03-33pm
(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងផ្តែផ្តាំកូនខ្មែរឲ្យចងចាំទង្វើរបស់ថៃ នៅឆ្នាំ២០២៥ និងត្រូវប្រែក្លាយកំហឹងនេះទៅជាការខិតខំរៀនសូត្រ ក្របយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
លោកស្រី នេត្រ ភូម៉ារី បានលើកយកព្រឹត្តការណ៍ ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងអស់ រយៈកាលជាង៥០០ឆ្នាំមកហើយ ក្រោយការបែកបាក់អង្គរ ដោយប្រទេសជិតខាងយើងមួយនេះ តែងតែចិញ្ចឹមចិត្ត និងបានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតាមុតស្រួច សំដៅក្រសោប ច្បាមយកទឹកដីកម្ពុជា ទុកជារបស់ខ្លួន ដោយការបង្កហេតុ រកលេសបង្កើត ជាជម្លោះ បញ្ឆេះជាសង្គ្រាមវាយចូលកម្ពុជា។ ពួកអមិត្តទាំងនោះតែងបង្កើតល្បិចកល ពឹសពុល ដើម្បីបោកបញ្ឆោតប្រជាជនខ្មែរទាំងឡាយ ឱ្យបំផ្លាញមរតកវប្បធម៌ខ្លួនឯង ដោយមិនដឹងខ្លួន។ បទពិសោធន៍ ដែលយើងទទួលបាន និងដឹងគ្រប់ៗគ្នានោះគឺ ការបបួលប្រជល់គោ (សត្វគោជល់ជាមួយគោយន្ត) ក្នុងរឿងព្រះគោព្រះកែវ ការបែកបាក់រាជធានីលង្វែកដោយការបាចប្រាក់ដួង និង ការដាប់បំផ្លាញរូបចម្លាក់តាមប្រាសាទបុរាណខ្មែរទាំងឡាយ ព្រមទាំងការបំផ្លាញនិងលួចយករតន វត្ថុដ៏មានតម្លៃចេញពីទឹកដីកម្ពុជា ជាដើម។
លោកស្រីបានបន្តថា ជាក់ស្តែង នៅប៉ុន្មានថ្ងៃមុនេះ កងទ័ពថៃបានបង្កើតលេស ដោយការចោទប្រកាន់ពីបូរណ ភាពទឹកដីចាប់ពីកោះគុត ក្នុងខេត្តកោះកុង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ តាក្របី រហូតដល់តំបន់ មុំ៣ ក្នុងខេត្តស្ទឹងត្រែង។ ការបង្កហេតុនេះ ចាប់ផ្តើមឡើងពីការធ្វើបាតុកម្ម រហូតដល់ការបាញ់សម្លាប់កងទ័ពខ្មែរ ដែលនាំទៅដល់ការផ្ទុះអាវុធដាក់គ្នា។ នៅក្នុងអំឡុងនៃសង្គ្រាមនោះ ទាហានថៃមិនបានញញើត និងបានបំពានលើច្បាប់អន្តរជាតិ ដោយបានបាញ់ និងទម្លាក់គ្រាប់បែកមក លើប្រាសាទបុរាណខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោកស្រី នេត្រ ភូម៉ារី បានបញ្ជាក់យ៉ាងដូច្នេះ «ទង្វើរបស់អ្នកជិតខាងរបស់យើងនេះបានផ្តល់ជាបទពិសោធន៍ និងមេរៀនដ៏ឈឺចាប់ដល់ប្រជាជនខ្មែរ និងជាពិសេសក្មួយៗទាំងឡាយឱ្យចងចាំ និងប្រែក្លាយកំហឹងនេះទៅជាការខិតខំរៀនសូត្រ ក្របយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ»។
លោកស្រីបានបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ យុវជនកម្ពុជា ជាសរសរទ្រូងនៃប្រទេសជាតិ ជាអ្នកបន្តវេន្តប្រកបដោយថាមពល ដែលមានតួនាទីសំខាន់ ក្នុងការងារថែរក្សា ការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងវិបុលភាព រុងរឿង។ ជាមួយគ្នានេះ ការងារថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិ ក៏ជាចំណែកមួយទាមទារឱ្យមានការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មពីសំណាក់យុវជនកម្ពុជាគ្រប់រូប។ ហេតុនេះ ការរៀបចំសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ ប្រពៃណីដូនតា» បានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជា កុលបុត្រ កុលធីតាខ្មែរ ប្រកបដោយសក្កានុពល និងជាទំពាំងស្នងឬស្សីដ៏រឹងមាំ ដែលត្រូវចូល រួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងកិច្ចប្រតិប័ត្តផ្សេងៗ របស់ដូនតាខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិ និងចូលរួមលើកកម្ពស់វប្បធម៌ជាតិ ដោយក្តី មោទនភាព នៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកស្រី នេត្រ ភូម៉ារី បានថ្លែងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នកណ្តាល ឬជាស្ថាប័ន ស្នូលរបស់រដ្ឋ មានតួនាទីទទួលអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលបានផ្តោតសំខាន់លើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងអនុវត្តគោលនយោបាយវិស័យវប្បធម៌ ដោយផ្តោតលើការងារថែរក្សា ការពារ និង អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ហើយក្នុងនោះ សាលាមធ្យមវិចិត្រសិល្បៈ ក៏ជាសេនាធិការ សំខាន់មួយរបស់ក្រសួង មានបេសកកម្មបណ្តុះបណ្តាល បង្ហាត់បង្រៀន និងផ្តល់ចំណេះ ជំនាញច្រើនបែបយ៉ាង រួមមានជំនាញខាងរបាំ ជំនាញតូរ្យតន្ត្រី ជំនាញសៀក ជំនាញសិល្បៈ សូនរូប និងជំនាញល្ខោន ដល់ក្មួយៗ ចៅៗទាំងអស់គ្នា ឱ្យបានយល់ដឹង ថែរក្សា និងផ្ទេរបន្ត ដល់អ្នកជំនាន់ក្រោយជាបន្តបន្ទាប់។ ខ្ញុំសូមជម្រាបថា មរតកវប្បធម៌ជាតិយើងអាចនៅគង់វង្ស បានគឺត្រូវពឹងអាស្រ័យលើក្មួយៗទាំងអស់គ្នានេះហើយ៕