Kcsm2023-07-06 02-56pm


ក្រុមហ៊ុនមេ Meta ដែលគ្រប់គ្រងបណ្ដាញសង្គម Facebook & Instagram បានព្យាយាមប្រកួតប្រជែងជាមួយ Twitter ក្នុងកម្មវិធីជាច្រើននារយៈប៉ុន្មានឆ្នាំមកនេះ រួមទាំងការចម្លងលក្ខណៈពិសេសរបស់ Twitter ដូចជា hashtags និង ប្រធានបទនានាសម្រាប់ចែករំលែកជាដើម។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo! Finance នាថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣។
Meta កាលពីថ្ងៃពុធ បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា Threads ដែលមានបំណងផ្តល់នូវវេទិកាសម្រាប់ការសន្ទនាដូចពិតៗ តាមអ៉ីនធឺណិត ដែលជាមុខងារស្នូលរបស់ Twitter តាំងពីយូរយារណាស់មកហើយ។
កម្មវិធីនេះហាក់ដូចជាមានភាពស្រដៀងគ្នាជាច្រើនទៅនឹង Twitter ចាប់ពីទម្រង់លើ Wall screen រហូតដល់ការពិពណ៌នាផ្សេងៗ។ បន្ថែមពីនេះអ្នកប្រើប្រាស់ App នេះ អាចបង្ហោះម្ដងៗបានរហូតដល់ ៥០០តួអក្សរ ហើយអាចរួមបញ្ចូល Link រូបថត និងវីដេអូដែលមានរយៈពេលរហូតដល់ទៅ ៥នាទី។
បន្ទាប់ពីទាញយកកម្មវិធី អ្នកចុះឈ្មោះប្រើប្រាស់ត្រូវបានស្នើសុំឲ្យភ្ជាប់គណនី Instagram របស់ពួកគេ ហើយអាចភ្ជាប់ជាមួយគណនី Threads បាន ដោយទទួលបានការប្រើប្រាស់ឈ្មោះគណនីដូចគ្នា។

យ៉ាងណាម៉ិញ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងនាំយកកម្មវិធីនេះ ទៅកាន់ប្រទេសចំនួន១០០ តាមរយៈ iOS និង Android របស់ Apple។
នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គមថ្មីឈ្មោះ Threads បន្ទាប់ពីការបើកដំណើរការ App នេះថា «ចក្ខុវិស័យសម្រាប់ Threads គឺដើម្បីបង្កើតជម្រើសមួយ និងកន្លែងសាធារណៈដែលងាយស្រួលសម្រាប់ការសន្ទនា។ យើងសង្ឃឹមថា នឹងយកអ្វីដែល Instagram ធ្វើបានល្អបំផុត និងបង្កើតបទពិសោធន៍ថ្មីជុំវិញអត្ថបទ គំនិត និងពិភាក្សាអំពីអ្វីដែលអ្នកប្រើប្រាស់បានគិត»។
Zuckerberg បាននិយាយនៅលើគណនី Threads ថា កម្មវិធីនេះទទួលបានការចុះឈ្មោះចំនួនជិត ២លាននាក់ក្នុងរយៈពេល ២ម៉ោងដំបូង។ ក្រោយមកនៅថ្ងៃពុធ គាត់បានសរសេរថា Threads ទទួលបានការចុះឈ្មោះ ៥លាននាក់ក្នុងរយៈពេល ៤ម៉ោងដំបូង»។
ទាក់ទិននឹងបញ្ហានេះ លោក Zuckerberg ក៏បានឆ្លើយតបទៅនឹងការបង្ហោះ និង ចែករំលែកគំនិតរបស់លោកថា តើ App Threads នឹងធំជាង Twitter ដែរឬទេ។
កម្មវិធីថ្មីនេះ ចូលរួមក្នុងបញ្ជីគូប្រជែងជាមួយកម្មវិធី Twitter ហើយអាចបង្កការគំរាមកំហែងដ៏ធំបំផុតដល់ Twitter។ App នេះក៏កើតឡើងចំពេលដែលភាពចលាចលកាន់តែខ្លាំងឡើងនៅ Twitter អមដោយការប្រកាសថា គេហទំព័រនេះបានដាក់កម្រិតបណ្តោះអាសន្នលើចំនួន tweets ដែលអ្នកប្រើប្រាស់របស់ខ្លួនអាចអានបានពេលកំពុងប្រើប្រាស់កម្មវិធី។
សូមជម្រាបថា ការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងក្រុមហ៊ុនទាំង២ ហាក់ដូចជាបានបន្ថែមការប្រកួតប្រជែងគ្នារវាងនាយកប្រតិបត្តិ Twitter លោក Elon Musk និងនាយកប្រតិបត្តិ Meta លោក Mark Zuckerberg ដោយកន្លងមកមានការប៉ះពាក្យសំដី ឬ ឌឺដងគ្នាតាមបណ្ដាញសង្គមទៅវិញទៅមកផងដែរ៕
ប្រភព៖Yahoo! Finance
