Kcsm2023-07-12 04-00pm

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១១ ខែកក្តដាឆ្នាំ២០២៣ បានប្រកាសឲ្យឥស្សរជន ០៥ រូប ដែលមិនទាន់បានបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកជូនអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា ទើបមិនទាន់ឃើញមកដល់អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាត្រួតពិនិត្យឡើងវិញអំពីការបញ្ជូនឯកសារនេះឱ្យបានឆាប់តាមការគួរ។
តាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ឥស្សរជនទាំង 0៥ រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រុមជនបង្គោលប្រចាំក្រសួងការពារជាតិក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចទាក់ទងបាន ឬអាចចេញទៅនៅបរទេស? មានដូចជា ៖ ១. ឧត្ដមសេនីយ៍ត្រី ទី ស៊ីណាត នាយរងការិយាល័យ នៃបញ្ហាការដ្ឋានកងទ័ពជើងគោក។ ២. ឧត្តមសេនីយ៍ត្រី លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងមហាផ្ទ។ ៣. លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងធម្មការ និងសាសនា។ ៤. ឯកឧត្តម Divay Gupla ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ៥.ឯកឧត្តម Philippe Delanghe ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ ១០០.០០០(មួយសែន) រៀល ទៅ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕