Kcsm2023-07-17 02-42pm

(ខេត្តកោះកុង)៖នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ អ៊ៀ ខាវ៊ួច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធន៍ស្ពានបេតុង ដែលមានទទឹង១០ម៉ែត្រ បណ្តោយ៨៥ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហម មានប្រវែង១២គីឡូម៉ែត្រ។ ដែលស្ពាន និងផ្លូវនេះគឺស្ថិតក្រោមការចំណាយរបស់លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ ដួង រដ្ឋា ព្រមទាំងក្រុមគ្រួសារ។

ក្នុងកម្មវិធីនេះក៏មានការអមដំណើរដោយលោកឧកញ៉ា សោម សុខរ៉ាឌី, លោក ដួង វីរ៉ាត់, លោក សោម សុធា និងមានការទទួលយ៉ាងកក់ក្តៅពីសំណាក់លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋជាង២០០គ្រួសារផងដែរ។

ក្នុងកម្មវិធីនេះលោកឧកញ៉ា អ៊ុត ធី បានធ្វើការជំរាបជូនពីដំណើរនៃការសាងសង់ស្ពាននេះ គឺដោយសារមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ព្រែកកន្ទោយ ទើបបានជាលោកឧកញ៉ា បានសម្រេចចិត្តធ្វើស្ពានបេតុងថ្មី ដែលមានទទឹង ១០ម៉ែត្រ បណ្តោយ៨៥ម៉ែត្រ ដែលមានគ្រឹះរឹងមាំ ដោយស្ពាននេះគឺ បានចាប់ផ្តើមសាងសង់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយចំណាយថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ចំនួន ១,៤៤៥,០០០ដុល្លារអាមេរិក(មួយលានបួនរយសែសិបប្រាំពាន់ដុល្លាអាមេរិក) និងចំណាយធ្វើផ្លូវចម្ងាយ១២គីឡូម៉ែត្រ ដែលបានសម្រេចបានប្រមាណជា ៧០ភាគរយ ដោយចំណាយ ថវិកាចំនួន ៣០០,០០០ដុល្លា(បីរយពាន់ដុល្លារអាមេរិក) សរុបថវិកាទាំងអស់ចំនួន ១,៧៤៥,០០០ដុល្លារអាមេរិក(មួយលាន ប្រាំពីររយ សែសិបប្រាំពាន់ ដុល្លារអាមេរិក)។

ស្ពាន និងផ្លូវមួយខ្សែនេះពិតជាបានជួយសម្រួលប្រជាពលរដ្ឋបានច្រើនណាស់ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្រែអំបិល និង ស្រុកថ្មបាំង នៃខេត្តកោះកុង។ លោកឧកញ៉ា បានបន្ថែមទៀតថា ខ្ញុំបាទ រួមទាំងក្រុមគ្រួសារមិនមានអ្វីច្រើនទេ មានតែការសប្បាយរីករាយពេលដែលមានវត្តមានឯកឧត្តម ដួង តារា និងលោកជំទាវ រួមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនាពេលនេះ។ ចាប់ពីថ្ងៃសម្ពោធន៍នេះតទៅ ខ្ញុំសូមប្រគល់ស្ពានបេតុង និងផ្លូវមួយខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាប់ជារួមចាប់ពីពេលនេះតទៅ ហើយស្ពាន និងផ្លូវនេះមិនមែនជារបស់ខ្ញុំនោះទេគឺជារបស់ លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន កូន ក្មួយ ចៅៗទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នា សូមចូលរួមថែរក្សា សម្មិទ្ធផលនេះទាំងអស់គ្នាចាប់ពីពេលនេះតទៅ។ ហើយលោកឧកញ៉ាបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ដូចពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីនោះផងដែរឯកឧត្តម ដួង តារា មានប្រសាសន៍ថា ស្ពានទេវតាសម្រាប់បងប្អូនប្រើប្រាស់ទាំងអស់គ្នាឃុំជីផាត និងឃុំជីឃរ ខេត្តកោះកុង ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន សមិទ្ធផលជាតិជាច្រើនត្រូវបានកសាងរួមមាន ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ថ្ងៃនេះស្ពានបេតុង ជីផាតដែលមានប្រវែង៨០ម៉ែត្រ និងផ្លូវគ្រួសក្រហមដែលមានប្រវែង១២គ.ម ស្ថិតក្នុងភូមិសាស្រ្តស្រុកស្រែអំបិល និងស្រុកថ្មបាំងខេត្តកោះកុងត្រូវបានសម្ពោធន៍ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ។

ជាថ្មីម្តងទៀត ឯកឧត្តម និងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល និងស្រុកថ្មបាំង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧកញ៉ា អ៊ុត ធី លោកជំទាវ និងក្រុមគ្រួសារដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជិត២លានដុល្លារសាងសង់ស្ពានដ៏សំខាន់នេះដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់។

ទន្ទឹមនឹងមានស្ពានថ្មី សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្នកុំពិសារស្រាក្នុងពេលបើកបរ ហើយមិនត្រូវបើកលឿនលើស្ពានដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ សូមចូលរួមជួយថែក្សាការពារស្ពានអោយនៅគង់វង្សបានល្អដើម្បីបងប្អូនប្រាស់បានយូរអង្វែង។
អរគុណសន្តិភាព អរគុណសន្លឹកឆ្នោតសន្តិភាព១៨។ ក្នុងកម្មវិធីនេះឯកឧត្តម ដួង តារា និងលោកជំទាវ រួមទាំងឧកញ៉ា អ៊ុត ធី និង លោកជំទាវ បានចែកអំណោយជូនប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលទទួលបាន សារុងម្នាក់មួយ និងទឹកប្រាក់ចំនួន ២០,០០០រៀល ព្រមទាំងបានទទួលទានអាហាសាមគ្គីជាមួយគ្នាផងដែរ។

ចំពោះប្រជាពលរដ្ឋវិញ ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីមកផ្ទឹមពុំបាននោះទេ ពេលដែលមានស្ពានដើម្បីឆ្លងកាត់។ កាលពីមិនទាន់មានស្ពានគឺពួកគាត់លំបាកណាស់ ពេលឆ្លងព្រែកនេះ គឺត្រូវសែងម៉ូតូ ហើយប្រជាពលរដ្ឋខ្លះទៀតឆ្លងតាមទូកដរ តែបើទឹកហូរខ្លាំង គឺមិនអាចធ្វើដំណើរបាននោះទេ។ ហើយប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា អ៊ុត ធី និងក្រុមគ្រួសារដែលបានសាងសង់ស្ពាន និងផ្លូវ ជូនពួកគាត់ដើម្បីធ្វើដំណើរនាពេលនេះ៕
ប្រភព k106