KCSM 2023-01-26 03-36pm

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង១០០គីឡូក្រាម ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនី សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សា ទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូរ អរអេនអេហ្វ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានធ្វើការឃាត់ខ្លួនជនសង្ស័យ៤ នាក់ និងដកហូតសារធាតុជាង ១០០ គីឡូក្រាម ។
ជនសង្ស័យមានទី១. ឈ្មោះ ទាន់ ល់ន ភេទប្រុស ទី២.ឈ្មោះ ហាវ យីជុន ភេទប្រុស ទី៣.ឈ្មោះ ថាំ យីហាន់ ភេទស្រី ទាំង៣នាក់ជាជនជាតិចិន នឹងទី៤.ឈ្មោះ វ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ។

ប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុញៀនសរុប ១៣.២០ គីឡូក្រាម ក្នុងនោះមាន : សារធាតុញៀនប្រភេទ មេតាំហ្វេតាមីន ១.៨ គីឡូក្រាម សារធាតុញៀនប្រភេទ ខេតាមីន ១.៩ គីឡូក្រាម សារធាតុញៀនប្រភេទ ខេតាមីនរាវ៥០ដប ទម្ងន់ ០.៥ គីឡូក្រាម សារធាតុញៀនប្រភេទ MDMA ៦៩ កញ្ចប់ស្មើទម្ងន់ ៩ គីឡូក្រាម សារធាតុញៀនប្រភេទ កាហ្វេអ៊ីន ទម្ងន់ ០.៩ គីឡូក្រាម កញ្ឆាស្ងួតទម្ងន់ ២ គីឡូក្រាម
ម្សៅពណ៍ទឹកក្រូចសម្រាប់លាយកែច្នៃគ្រឿងញៀន ៨១ កញ្ចប់ ស្មើទម្ងន់ ៨១ គីឡូក្រាម រថយន្ត ២ គ្រឿង ។
សំណុំរឿងគ្រឿងញៀនជាង១០០ គីឡូក្រាមខាងលើនេះ កំពុងស្ថិតនៅក្រោមការសាកសួររបស់កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ៕