KCSM 2023-01-30 05-45pm


ភ្នំពេញ ៖ ជនដៃដល់ម្នាក់ក្នុងសំណុំរឿងឃាតកម្ម ចាក់សម្លាប់លើគូទំនាស់ ហើយព្យាយាមរត់គេចខ្លួនពីខេត្តកោះកុង ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងខេត្តព្រៃវែង តាមចាប់ខ្លួនបាន នៅវេលាម៉ោង ២និង៥៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្តាល ។
ជនដៃដល់ឈ្មោះ ផន ចាន់ រ៉ា ហៅ លៀន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្តូងទឹក ក្នុងសភាពរបួស ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ ។តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កើតមានករណីឃាតកម្ម ចាក់ស្លាប់មនុស្ស ត្រង់ចំណុច ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយជនដៃដល់ចាក់ លើជនរងគ្រោះបណ្តាលឲ្យស្លាប់ ហើយរត់គេចខ្លួន ។
ករណីឃាតកម្មខាងលើ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការខេត្តកោះកុង កម្លាំងស្នងការខេត្តព្រៃវែង កម្លាំងស្នងការខេត្តកណ្តាល ស្រាវជ្រាវ ទីបំផុត នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ឃាត់ចាប់ខ្លួនបានជនដៃដល់ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្តាល រួចនាំយកទៅស្នងការខេត្តកោះកុង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
