Kcsm2022-09-27 09-18pm


កណ្តាល៖ កម្លាំងនគរបាលជំនាញស្រុកស្រុកអង្គស្នួលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទាញកាំភ្លើងបាញ់អ្នកធ្វើដំណើរតាមរថយន្ត និងពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។


តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានផ្ទុកសារធាតុញៀន។
ជនរងគ្រោះចំនួន២នាក់៖ ទី១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាម្ចាស់រថយន្តកាមរីបាឡែន។និង ទី២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាម្ចាស់រថយន្តហាយឡែនឌ័រ។
សមត្ថកិច្ចបានបន្តថា ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២, ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១, កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២, ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។


គួរបញ្ជាក់ថា រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវបានជនសង្ស័យបាញ់ចំទ្វាមុខ ខាងស្ដាំ០១គ្រាប់។ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្រោយទទួលបានព័ត៌មានពីមុខសញ្ញាខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។