Kcsm2022-09-27 09-41pm

ស្ទឹងត្រែង៖ ជនសង្ស័យទាំង២នាក់ក្រោយព្រួតគ្នាចាប់អ្នកលក់គ្រឿងញៀនម្នាក់ដាក់ខ្នោះ រួចនាំគ្នាវាយសម្លាប់ចោលព្រោះខឹងលក់ថ្នាំញៀនមិនសុទ្ធឲ្យក្រុមខ្លួន បានរត់គេចខ្លួនជិត១០ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងដៃជាប់ខ្នោះ នៅក្បែចំនុចបង្គោលសេវ៉ា០៩៧ស្ថិតក្នុងភូមិរិទ្ធីសែនជយ័២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

បើយោងតាមការរៀបរាប់របស់សាច់ញាតិបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាក វ៉េវ អាល់ ហ្វា ពណ៌ ត្រួយ ចាកចេញពីផ្ទះ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២មកម្លេះ ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបតែនៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះ នៅចំណុចខាងលើ។

បើយោងតាមលោកវរៈសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការកបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរយៈពេល៨ថ្ងៃ សមត្ថកិច្ចកំណត់មុខសញ្ញាជនដៃដល់និងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកធ្វើត្រាប់សកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះហើយយកដំបងវាយចំកញ្ចឹងក និងក្បា បណ្ដាលឲ្យផុងលលាដ៍ក្បាល និងបាក់ក ស្លាប់។ លោកស្នងការរងបានបន្តទៀតថា ជនរងគ្រោះ ឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅ ភូមិ កោះកី ឃុំកោះស្នែង ស្រុកបុរី អូរស្វាយសែនជ័យ។

ចំណែកជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖
ទី១-ឈ្មោះ ជាតិ សារ៉ូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន ពិតប្រាកដ និងទី២-ឈ្មោះ គង់ សំអឿន ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់រស់នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយសារ ពួកខ្លួនខឹងជនរងគ្រោះយកថ្នាំញៀនមកលក់ឲ្យពួកគេ គឺជាថ្នាំមិនសុទ្ធ ទើបពួកគេ ចងកំហឹងរហូតចាប់ដាក់ខ្នោះនិងវាយសម្លាប់តែម្តង ។

បន្ទាប់ពីធ្វើត្រាបរួចហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យទាំង២នាក់មកកាន់ស្នងការនគរបាកខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕