តើអ្វីទៅជាកសិកម្មអភិរក្ស? ហេតុអ្វីបានជាកសិករគួរអនុវត្ត?
KCSM 2025-01-13 04-16pm
កសិកម្មអភិរក្ស ពេលបានឮ ប្រហែលជាគិតថា ជារបៀបធ្វើកសិកម្មតាបបែបប្រពៃណីតាំងពីបុរាណមក ប៉ុន្តែអ្នកជំនាញកសិកម្មបែរជាលើកឡើង បែបផ្សេងទៅវិញ។ តើអ្វីទៅជាកសិកម្មអភិក្ស? អ្នកនាង ស៊ាង ស្រីមុំ អ្នកសម្របសម្រួលនៅមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា នៃក្រសួងកសិកម្ម បានពន្យល់ទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរចុះទៅយកព័ត៌មានរួមគ្នាមួយនៅក្នុង នៅក្នុងស្ថានីយពិសោធន៍បុសខ្នុរ ឯស្រុកចម្ការលើ ខេត្តកំពង់ចាម។
កសិកម្មអភិរក្ស ជាបច្ចេកទេសកសិកម្មមួយ ដែលរួមចំណែកក្នុងការស្ដារឡើងវិញនូវជីជាតិ និងសុខភាពរបស់ ដែលឈានទៅរកការបង្កើនទិន្នផលដំណាំ។ កសិកម្មអភិរក្ស ផ្ដោតទៅលើគោលការណ៍៣ សំខាន់ៗ, ទី១ កាត់បន្ថយការភ្ជួររាស់, ទី២ ការដាំដំណាំគម្របដី និងកាកសំណល់កសិកម្ម ធ្វើឲ្យដីស្រែចម្ការមានអ្វីគ្របពីលើពេញមួយឆ្នាំ, ទី៣ ការធ្វើពិពិធកម្មដំណាំ ដូចជាកាដំណាំឆ្លាស់ ឬដំណាំបង្វិល។
តាមរយៈការហូច្រោះដីដែលមានជីជាតិ បានធ្វើឲ្យកសិករខ្មែរ បាត់បង់ថវិការាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ។ តើពួកគាត់បាត់បង់ដោយរបៀបណា?
អ្នកនាងបញ្ជាក់ថា ការភ្ជួររាស់ច្រើនដងពេក ក្នុងមួយឆ្នាំៗ វាបានធ្វើឲ្យដីខូចទម្រង់ ហើយចំពោះដីនៅតំបន់ខ្ពង់រៀប គឺប្រឈមនឹងការហូរច្រោះដីស្រទាប់លើ ដែលជាដីមានជីជាតិ។ ការបាត់បង់ជីជាតិរបស់ដី ច្បាស់ណាស់ថា ផលដំណាំក៏បាត់បង់ផងដែរ។ កាលណាផ្ទៃដាំដុះមានទំហំធំ ប្រើប្រាស់ពូជ និងជីច្រើន តែទទួលបាននិន្នផលតិច នោះហើយគឺជាការខាតបងថវិកា។
តើការអនុវត្តកសិកម្មអភិរក្ស ផ្ដល់នូវគុណសម្បត្តិអ្វីខ្លះដល់កសិករ និងវិស័យកសិកម្ម?
តាមរយៈការអនុវត្តកសិកម្មអភិរក្ស គោលដៅចម្បងគឺបង្កើនជីជាតិដី។ ជាលទ្ធផល យើងសង្កេតឃើញថា ជីជាតិដីក៏បានកើនឡើងប្រសើរជាងមុន សុខភាពដីល្អជាងមុន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់ (CO2) ផងដែរ។ សរុបមក យើងឃើញថា វាបង្កើនជីជាតិដី បង្កើនផលដំណាំ ផលដំណាំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់អ្នកបរិភោគ និងចូលរួមថែរក្សាបរិស្ថាន។
ដើម្បីជ្រាបកាន់តែច្បាស់ អ្នកនាង ស៊ាង ស្រីមុំ បាននាំឲ្យអ្នកសារព័ត៌មានមើលឃើញពីពិសោធន៍ជាស្ដែងនឹងភ្នែក ហើយពាំនាំនូវព័ត៌មានទាំងនោះផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ជាពិសេសកសិករ ឲ្យបានជ្រាបផងដែរ។
នៅក្នុងបទបង្ហាញជាក់ស្ដែង អ្នកនាង ស៊ាង ស្រីមុំ និងសហការីបានយកដី៤ប្រភេទផ្សេងគ្នា ក្នុងនោះមាន ដីព្រៃឈើ ដីកសិកម្មភ្ជួររាស់ញឹកញាប់ ដីអត់ភ្ជួរ និងដីស្មៅចំណីសត្វ ដាំបាន៣ឆ្នាំ។ សហការីទាំង៤នាក់ បានទម្លាក់ដុំដីទាំងនោះ ចូលទៅក្នុងទឹកក្នុងកែវ៤ផ្សេងៗ គ្នា ខណៈនោះ៖
ដីព្រៃឈើ ហាក់នៅទាំងដុំ ពុំបែកខ្ញែក ឬរលាយចូលទឹកនោះទេ និងមានពពុះទឹកខ្ពុរឡើង ដោយសារតែមានរន្ធខ្យល់តូចៗជាច្រើននៅក្នុងដុំដី។ អ្នកនាង ស៊ាង ស្រីមុំ ពន្យល់ថា ដីព្រៃពុំមានអ្វីដែលយើងងឿងឆ្ងល់នោះទេ ព្រោះវាជាប្រភេទដី ដែលពុំដែលប៉ះពាល់។ ព្រៃឈើវាបានបង្កើតប្រព័ន្ធអេកូឡូស៊ី សម្រាប់ទ្រទ្រង់ខ្លួនវា ពីមួយឆ្នាំៗ ទៅមួយឆ្នាំ, ពីមួយរដូវ ទៅមួយរដូវ, ដូច្នេះ ដីព្រៃវាមានជីជាតិ និងសុខភាពល្អស្រាប់ទៅហើយ។
ដីអត់ភ្ជួរ ទោះបីជា មានសណ្ឋានរាងហ្មត់បន្តិចមែន ប៉ុន្តែពេលទម្លាក់ក្នុងកែវទឹកទៅ សភាពរបស់វា ក៏មិនខុសអ្វីពីដីព្រៃដែរ គឺ មិនបែកខ្ញែក និងមានពពុះច្រើនចេញពីដី។ ជាមួយគ្នានេះ សំណល់កសិកម្ម មានជញ្ជ្រាំង និងចំបើង ឬគល់ដំណាំផ្សេង រួមទាំងដំណាំគម្របដីផង វាបានគ្របលើដីពេញមួយឆ្នាំ ការពារដីមិនឲ្យក្ដៅហួតហែង និងហូរច្រោះ។ ឫសដំណាំដែលនៅសល់ ពេលដែលរលួយទៅជាជី វាបានបង្កើតទៅជារន្ធតូចៗ អនុញ្ញាតឲ្យអុកស៊ីហ្សែនជ្រាបចូលក្នុងស្រទាប់ដី អំណោយផលដល់ពពួកសត្វមានប្រយោជន៍ ដូចជាជន្លេន ខ្យង ក្ដាម កង្កែប និងបាក់តេរីផ្សេងទៀតរស់នៅ ធ្វើឲ្យដីមានសុខភាពល្អ។
ដីដែលដាំស្មៅចំណីសត្វរយៈពេល ៣ ឆ្នាំ សង្កេតឃើញថា មានពពុះទឹក ដែលកើតចេញពីខ្យល់ច្រើនជាងដីផ្សេងៗទៀត និងមិនបែកខ្ញែក ធ្លាក់ចុះទៅបាតកែទេ ហើយទឹកនៅតែថ្លាដដែល។ ឫសស្មៅ មាននាទីជួយទប់ការហូរច្រោះដី និងជីជាតិ ព្រមទាំងជួយបំប្លែងសារធាតុគីមីកសិកម្មឲ្យនៅតិច និងចាប់យក អាសូត និងកាបូនពីបរិយាកាសមកទុងក្នុងដើម និងឫស ដែលសារធាតុទាំងពីនេះមានសារសំខាន់ក្នុងការចិញ្ចឹមដំណាំ។
ដោយឡែក ដីកសិកម្មភ្ជួររាស់ញឹកញាប់ គ្រាន់តែទម្លាក់ចូលទឹកភ្លាម ដុំដីក៏រាយ បែកចេញពីគ្នាធ្លាក់ទៅបាតកែវ យ៉ាងរហ័ស គ្មានពពុះខ្យល់ក្នុងទឹកបន្តិចសោះ។ អ្នកនាងពន្យល់ថា ដីប្រភេទនេះជាដីខូចទម្រង់ និងខ្វះជីជាតិ ព្រោះដីគ្មានរន្ធខ្យល់ ដែលអាចឲ្យជីវៈចម្រុះមានប្រយោជន៍កើតមានបាន ហើយពេលដែលត្រូវថ្ងៃក្ដៅ ក៏ក្ដៅហួតហែង ដល់ពេលមានភ្លៀងក៏ហូរទៅអស់ នាំទាំងជីជាតិទៅផង។ លើសពីនេះ ជីគីមី និងថ្នាំពុលកសិកម្មដែលសល់លើដីក៏ហូរទៅតាមទឹកចូលទៅក្នុង ស្ទឹង បឹង ទន្លេ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក និងជលផល៕
អត្ថបទ៖ ឈិន ធារ៉ាត់