ក្រសួងកសិកម្ម នៅតែអំពាវនាវយ៉ាងទទូចដល់កសិករ ឲ្យធ្វើពូជស្រូវដែលក្រសួងណែនាំ ជៀសវាងជួបបញ្ហាស្រូវថោក
KCSM 2025-01-14 11-39am
បញ្ហាស្រូវធ្លាក់ថ្លៃ តែងតែលើកឡើងស្ទើរតែរាល់ឆ្នាំ ជាក់ស្ដែងនៅដើមឆ្នាំ ២០២៥ គឺថ្ងៃទី ១៣ ខែមករានេះ កសិករនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានផ្ទុះការតវ៉ាមួយប្រាវ ដោយបិទផ្លូវជាតិលេខ៥ និងស្រែកដង្ហោយឲ្យមានការដោះស្រាយតម្លៃស្រូវជូនពួកគាត់។
ពាក់ព័ន្ធនឹងតម្លៃស្រូវចុះថោក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្មបានលើកឡើងថា ការលើកឡើងពីតម្លៃស្រូវចុះថោក ប៉ុន្តែគេពុំបានបញ្ជាក់ថា តើស្រូវប្រភេទអ្វីនោះទេ ដែលនាំឲ្យសាធារណជនយល់ថា ស្រូវចុះថោកគ្រប់ប្រភេទទូទាំងប្រទេស។ តាមពិតទៅស្រូវចុះថោនៅពេលដែលប្រមូលបានច្រើននោះ គឺជាប្រភេទស្រូវ OM (ស្រូវស្រាល) ដែលមានប្រភពពូជមកពីប្រទេសវៀតណាម។ ស្រូវប្រភេទនេះ ងាយធ្វើ និងប្រើរយៈពេលខ្លី ប្រមូលផលបានច្រើន ប៉ុន្តែពុំសូវមានទីផ្សារនៅក្នុងប្រទេសកម្ពុជានោះទេ។ ស្រូវប្រភេទនេះ ត្រូវលក់ទៅឲ្យវៀតណាម ខណៈដែលកសិករខាងវៀតណាមក៏គេប្រមូលផលដែរ ម្ល៉ោះហើយ វាបានធ្វើឲ្យផលស្រូវចាល់ច្រើន ជាហេតុនាំឲ្យឈ្មួញទម្លាក់តម្លៃទិញ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កសិករដែលធ្វើពូជស្រូវខ្មែរយើងមាន ស្រូវសែនក្រអូប និងស្រូវផ្ការំដួលជាដើម ដែលជាពូជស្រូវយុទ្ធសាស្ត្រ ពុំស្រូវជួបបញ្ហាធ្លាក់ថ្លៃនោះទេ ព្រោះនៅតាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក គេប្រមូលទិញតែប្រភេទស្រូវនេះប៉ុណ្ណោះ។ ម្យ៉ាងទៀតកសិករដែលធ្វើស្រូវខ្មែរ ដែលជាពូជស្រូវយុទ្ធសាស្ត្រ នៅពេលដែលជួបបញ្ហាណាមួយ ពាក់ព័ន្ធនឹងបច្ចេកទេសក្ដី ឬតម្លៃក្ដី រាជរដ្ឋាភិបាលមានលទ្ធភាពខ្ពស់ក្នុងការជួយអន្តរាគមន៍។
បើតាមរដ្ឋមន្ត្រីកសិកម្ម កសិករដែលជួបប្រទះបញ្ហាភាគច្រើនគឺអ្នកធ្វើស្រូវប្រាំង ដែលពួកគាត់នាំគ្នាសម្រុកធ្វើស្រូវប្រាំងដើម្បីបានចំណេញច្រើន។ បើតាមស្ថិតិ ស្រូវប្រាំងមានរហូតដល់ទៅជាង ៧សែនហិកតារ ដែលទទួលបានទិន្នផលប្រមាណជិត៥លានតោន ដែលភាគច្រើនសុទ្ធតែស្រូវ អ៊ីអ៊ែ មានប្រភេទ OM ជាដើម ដែលពុំសូវមានទីផ្សារក្នុងស្រុកនោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រសិនបើក្រសួងកសិកម្ម ក៏ដូចជារដ្ឋាភិបាលអន្តរាគមន៍ នោះវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគ្រាសរោងម៉ាស៊ីនកិនស្រូវ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅតែអំពាវនាវយ៉ាងទទូចដល់ប្រជាកសិករ ឲ្យងាកមកស្ដាប់ការណែនាំរបស់ក្រសួង, ធ្វើពូជស្រូវយុទ្ធសាស្ត្រដែលក្រសួងបានដាក់ចេញ និងឈ្វេងយល់អំពីការចងក្រងជាសហគមន៍កសិកម្មទំនើបដើម្បី ធានាបានការគាំទ្រខាងផ្នែកបច្ចេកទេសកសិកម្ម ដើមទុន និងស្ថិរភាពតម្លៃស្រូវជាដើម៕
អត្ថបទ៖ ឈិន ធារ៉ាត់