គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់និងកងកម្លាំងថ្នាក់ជាតិបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

kcsm 2024-11-28 02-04pm

ពោធិ៍សាត់៖ ឧបករណ៍នៃសាទប្រភេទឈ្នក់ រូមហ្នឹងសម្ភារៈឧបករណ៍ធាតុផ្សំ ជាច្រើនត្រូវបានកងកម្លាំងសមត្ថកិច្ចនៃគណៈប្រជាការឯកភាពខេត្តនិងកងកម្លាំងថ្នាក់ជាតិឈរជើងនៅលើផ្ទៃទឹកបឹងទន្លេសត្វខេត្តពោធិ៍សាត់ បើកប្រតិបត្តិការបង្ក្រាបដកហូត ជាបន្តបន្ទាប់រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

លោក ភុនសុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរបញ្ជាក់ឲ្យដឹងថា កងកម្លាំងសហការថ្នាក់ខេត្តនិងថ្នាក់ជាតិ បានចុះធ្វើសកម្មភាពត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ ជាបន្តបន្ទាប់រយៈពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកបាកាន ជាលទ្ធផល ដកហួតឧបករណ៍នេសាទប្រភេទឈ្លក់ សរុបចំនួន 25 វង់ បង្គោលចំនួន 230 ដើម ខ្សែរូមផ្សំប្រវែង 4.350 ម៉ែត្រ ខ្សែភ្លើងប្រវែង 280 ម៉ែត្រ អំពូលភ្លើងចំនួន 22 គ្រឿង អាគុយ 50 អំពែចំនួន 19 គ្រឿង និងដុំ បម្លែងអគ្គិសនីចំនួន 21 គ្រឿង

លោកថាទាំងនេះជាការអនុវត្តតួនាទីភារកិច្ចជាពិសេសបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកភុំវិមុល នាយខណ្ឌ ជាពិសេសឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឲ្យការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពសំដៅគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងជាតិយើងទាំងមូល។

លោកគឹមទី នាយរងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប ដែលដឹកនាំចុះទប់ស្កាត់និងបង្ក្រាបផ្ទាល់ បានអំពាវនាវ ដល់បងប្អូនប្រជានេសាទទាំងអស់ មេត្តាចូលរួមគោរពច្បាប់ស្តីពីជលផលឲ្យបានគ្រប់ៗគ្នា ដោយគ្រាន់តែប្រើប្រាស់ឧបករណ៍នៃសាទដែលច្បាប់បានកំណត់ ពោលគឺគោរពច្បាប់ជលផលនោះចាត់ទុកថាជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជល់ផលហើយ៕

អត្ថបទ៖ ពោធិ៍សាត់