ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវឲ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារ
KCSM 2025-01-02 11-18am
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ការអំពាវនាវរបស់ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជានេះ ធ្វើឡើង តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។
តាមរយៈសារលិខិតនោះ លោកជំទាវបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ពីសំណាក់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្ដល់សេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការខ្ពស់ក្នុងវិជ្ជាជីវៈ។
លោកជំទាវបានអរគុណ និង សរសើរ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជន, និងសាធារណជនទាំងអស់ ចំពោះកិច្ចសហការខ្ពស់ និងការចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តី ច្រើនក្តីតាមលទ្ធភាព ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក ដែលនេះជាការរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់ នៅកម្ពុជា នាពេលកន្លងមក។
បើជំទាវបានគួសបញ្ជាក់ដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិផ្លូវការតែមួយគត់របស់កម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ពីប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០ លានដុល្លារអាម៉េរិក។
ក្នុងន័យនេះ និងដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕
ព័ត៌មានសង្គម