តៃវ៉ាន់កំពុងរងការរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ ធ្វើអោយអគារនានាក្នុងរដ្ឋធានីតៃប៉ិស្រុត…
KCSM2024-08-16 03-25pm
តៃប៉ិ៖ រដ្ឋបាលអាកាសធាតុបាននិយាយថា ការរញ្ជួយដីកម្រិត ៦.៣រិចទ័រ បានវាយប្រហារនៅចម្ងាយ ៣៤គីឡូម៉ែត្រពីទីក្រុង Hualien ភាគខាងកើតរបស់តៃវ៉ាន់ នាថ្ងៃសុក្រ សប្ដាហ៍នេះ តែភ្លាមៗ មិនមានសេចក្ដីរាយការណ៍អំពីការខូចខាតពីគ្រោះរញ្ជួយដីនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។
អាជ្ញាធរបាននិយាយថា ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ ចំណែកសេវារថភ្លើងក្រោមដីនៅក្នុងទីក្រុងក៏បានរងការរំខានផងដែរ។
រដ្ឋបាលអាកាសធាតុបាននិយាយថា ការរញ្ជួយដីនេះមានជម្រៅ ៩.៧គីឡូម៉ែត្រ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រភាគឦសានរបស់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
យ៉ាងណាម៉ិញមន្ត្រីឧតុនិយម បានព្រមានពីហានិភ័យនៃការរអិលបាក់ដីនៅតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃ។
សូមជម្រាបថា តៃវ៉ាន់ស្ថិតនៅក្បែរចំណុចប្រសព្វនៃស្រទាប់ខាងក្រៅនៃផែនដី ហើយងាយនឹងជួបហេតុការណ៍រញ្ជួយដី។ កាលពីខែមេសា ទីក្រុង Hualien ត្រូវបានរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំបំផុត ដោយបណ្ដាលឱ្យមនុស្ស ៩នាក់បានស្លាប់ និងជាង ៩០០នាក់រងរបួស៕
ប្រភព៖ CNA