មេដឹកនាំក្រុមហាម៉ាស ត្រូវបានគេធ្វើឃា-តនៅក្នុងលំនៅឋានផ្ទាល់ខ្លួន

KCSM2024-07-31 03-51pm

(អន្តរជាតិ)មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតក្នុងប្រទេសអ៉ឺរ៉ង់ បន្ទាប់ពីបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៉ឺរ៉ង់ នាថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃពុធ​ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហាម៉ាស់ បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំពោះការស្លាប់របស់ប្រធានការិយាល័យនយោបាយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការវាយប្រហារនេះ ហើយមិនបាននិយាយថា វាកើតឡើងយ៉ាងដូចម្តេចនោះទេ។

អ៊ីស្រាអែលបានប្តេជ្ញាថា នឹងសម្លាប់ លោក Haniyeh និងមេដឹកនាំផ្សេងទៀតនៃក្រុមហាម៉ាស់ ជុំវិញការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់មនុស្សប្រហែល ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ទាក់ទិននឹងបញ្ហានេះ អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ជារឿយៗ អ៊ីស្រាអែល ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ធ្វើ​ឃាត​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ Mossad របស់​ខ្លួននោះ​ទេ។

យ៉ាងណាម៉ិញ ក្រុមហាម៉ាស់ បាននិយាយថា លោក Haniyeh ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់ពួក Zionist លើលំនៅដ្ឋានក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីបានចូលរួមក្នុងការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ រួមជាមួយនឹងក្រុមហាម៉ាស់ និងផ្សេងទៀតមកពីក្រុម Hezbollah និងក្រុមសម្ព័ន្ធមិត្ត។

ជាមួយគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ឺរ៉ង់ ក៏បានទទួលស្គាល់នៅថ្ងៃពុធ នេះដែរថា មេដឹកនាំក្រុមហាម៉ាស់រូបនេះ ត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយនឹងអង្គរក្សម្នាក់របស់លោក ប៉ុន្តែភ្លាមៗ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយ។

ចំណែកឯ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បញ្ជាក់ថាមូលហេតុស្លាប់របស់លោក Haniyeh កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗ៕

ប្រភព៖ AP News