លោកដូណាល់ ត្រាំត្រូវឃាត-ករលបធ្វើឃា-ត ខណ:ពេលចុះឃោសនារកសំលេងឆ្នោត តើខ្មាន់កាំភ្លើ.ងបា.ញ់ ប៉ុន្មានគ្រា-ប់?
KCSM2024-07-15 02-17pm
(វ៉ាសុីតោន)ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានកំណត់អត្តសញ្ញាណថា យុវជនដែលមានវ័យ ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks គឺជា ជនសង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។
បើតាមការបញ្ជាក់ពីមន្រ្តីក្នុងមូលដ្ឋាន បានឱ្យដឹងថា ខ្មាន់កាំភ្លើង គឺជា Sniper ដែលលបបាញ់ស៊ីប ពីលើដំបូលអគារចម្ងាយជាង ១០០ម៉ែត្រ ពីពិធីជួបជុំរបស់លោក ត្រាំ ហើយបានបាញ់ចំនួន ៩គ្រាប់ ក្នុងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ អំឡុងថ្លែងសុន្ទរកថា ជួបជុំជាមួយអ្នកគាំទ្ររបស់លោក ក្នុងទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្ដែសំណាងល្អ លោក ត្រាំរួចផុតជីវិតពីគ្រោះថ្នាក់ ដោយត្រូវរបួសចំស្លឹកត្រចៀកខាងស្ដាំ។
យ៉ាងណាម៉ិញ ខ្មាន់កាំភ្លើងរូបនោះ ត្រូវបានកងអង្គរក្សសម្ងាត់ Secret Service បាញ់សម្លាប់វិញភ្លាមៗ ខណៈអ្នកចូលរួមក្នុងការជួបជុំអ្នកគាំទ្រលោក ដូណាល់ ត្រាំ ម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួស។
ថ្វីបើទើបរងការបា.ញ់ប្រហា.រក៏ដោយ លោក ដូណាល់ ត្រាំ នឹងនៅតែចូលរួមព្រឹត្តិការណ៍សមាជាតិរបស់បក្សសាធារណរដ្ឋ ដែលហៅថា Republican National Convention នាសប្តាហ៍ក្រោយ។
ព្រឹត្តិការណ៍ Republican National Convention នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៤។
ចំណែកសមាជ National Convention របស់បក្សប្រជាធិបតេយ្យវិញ នឹងរៀបចំឡើងនៅថ្ងៃទី១៩-២២ ខែសីហា ហើយប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ត្រូវគេរំពឹងថា នឹងត្រូវតែងតាំងជា បេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដើម្បីតទល់ជាមួយលោក ត្រាំ។
ទាក់ទិននឹងបញ្ហានេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការប៉ុនប៉ងធ្វើឃាត លោក ដូណាល់ ត្រាំ ដែលខ្មាន់កាំភ្លើង Matthew Crooks ដោយការប៉ុនប៉ងធ្វើឃាតនេះបានកើតឡើង ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ មុននឹងសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ៕
ប្រភព៖ ស្រាវជ្រាវ