នាយករដ្ឋមន្រ្តីថៃត្រូវបានតុលាការ កំណត់ថ្ងៃបើកសវនាការសំណុំរឿង ដកតំណែងពីនាយករដ្ឋមន្រ្តី….
KCSM2024-07-10 05-05pm
បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ នេះ បានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់ សម្រាប់សំណុំរឿងស្វែងរកការបណ្តេញចេញពីតំណែង នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ខណៈដែលតុលាការកំពុងស្វែងរកភស្តុតាងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។
តុលាការ បាននិយាយនៅដើមខែនេះ ថា សំណុំរឿងនេះនឹងឈានដល់ការប្រកាសសាលក្រមមុនខែកញ្ញា ខាងមុខនេះ។
សំណុំរឿងប្រឆាំងនឹងលោក ស្រេតថា ត្រូវបានចាប់ផ្តើម បន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន ៤០នាក់ កាលពីខែឧសភា ដែលត្រូវបានបញ្ជូនបន្តដោយតុលាការធម្មនុញ្ញ។
សំណុំរឿងនេះ មានគោលបំណងដកតំណែងនាយករដ្ឋមន្ត្រីឋ ជុំវិញការតែងតាំងមេធាវីម្នាក់ លោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគារពីបទមើលងាយតុលាការ ឱ្យធ្វើជារដ្ឋមន្រ្តីទីស្ដីការនាយករដ្ឋមន្រ្តី។ បណ្ដឹងនោះចោទថា លោក Pichit ខ្វះក្រមសីលធម៌ និងសុចរិតភាពសម្រាប់ធ្វើជារដ្ឋមន្ត្រី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្ដែចាប់តាំងពីពេលនោះមក លោក Pichit បានលាលែងពីតំណែងរួចទៅហើយ ដើម្បីការពារលោក ស្រេតថា មិនឱ្យពាក់ព័ន្ធនឹងសំណុំរឿងរបស់តុលាការ តែលោក ស្រេតថា បានបដិសេធថា មិនបានប្រព្រឹត្តខុសនោះទេ។
ប្រសិនបើ លោក ស្រេតថា ដែលជាអ្នកនយោបាយថ្មី ត្រូវបានដកចេញពីតំណែងនោះ រដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើង ហើយគណបក្សភឿថៃ ដែលកំពុងកាន់អំណាចរបស់លោក នឹងត្រូវដាក់បេក្ខភាពថ្មីសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដើម្បីទទួលការបោះឆ្នោតពីសភា។
យ៉ាងណាម៉ិញ សំណុំរឿងប្រឆាំងនឹងនាយករដ្ឋមន្ត្រី កំពុងត្រូវបានស៊ើបអង្កេត រួមជាមួយនឹងបណ្តឹងមួយទៀតដែលទាមទារឱ្យរំលាយគណបក្សប្រឆាំង Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន និងជាគណបក្សធំជាងគេនៅក្នុងសភាផងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគ បាននិយាយថា ករណីទាំង២នេះ បានបង្កើតភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយនៅក្នុងប្រទេស។
ប្រភព CHA