សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យដែលបើកអេស្កាវ៉ាទ័រ កាយ ទាញផ្ទះបំ-បាក់រលំស្លា.ប់ម្នាក់ របួស២នាក់ ព្រោះរឿងជម្លោះក្នុងវង់ផឹកស៊ី
KCSM2024-07-31 01-12pm
ស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាន ក្រោយពីមានជម្លោះក្នុងវង់ផឹកសុី បើកអេស្កាវ៉ាទ័រ ទៅកាយទាញបំបាក់ផ្ទះ រលំស្លាប់ម្នាក់ របួស២នាក់ កាលពីព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ជនសង្ស័យមានឈ្មោះ ខែក បញ្ញា ភេទប្រុស អាយ២៥ឆ្នាំ មុខរបរបើកគ្រឿងចក្រ មានទីលំនៅភូមិគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ មានឈ្មោះឌឹម សារឿន អាយុ៣៨ឆ្នាំ មយខរបរបើកគ្រឿងចក្រ មានប្រពន្ធនិងកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ រួមជាមួយកម្មករផ្សេងទៀតផឹកសុីជុំគ្នា លុះស្រវឹង ជនរងគ្រោះទាក់ពាក្យសម្តីជាមួយជនសង្ស័យ ត្រូវបានអ្នករួមការងារឃាត់បំបែកចេញ ជនរងគ្រោះទៅដេកលើអង្រឹង ស្រាប់តែជនសង្ស័យលួចបើកអេស្កាវ៉ាទ័រ ទៅកាយ ទាញ កម្ទេចផ្ទះ បាក់រលំ បណ្តាលឱ្យស្លាប់ម្នាក់ របួស២នាក់ បង្កឱ្យភ្ញាក់ផ្អើល ជនសង្ស័យ គេចខ្លួន ។
ករណីខាងលើ កើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ច ចុះទៅអន្តរាគមន៍ តាមឃាត់ខ្លួនបានជនសង្ស័យ នាំយកទៅសាកសួរបៅផ្នែកជំនាញអធិការដ្ឋានស្រុក ។ ចំណែកជនរងគ្រោះ២នាក់ ធ្ងន់ម្នាក់ ស្រាលម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
អត្ថបទ៖ តាតុងសែនជ័យ