នារីម្នាក់បានស្លា-ប់ភ្លាមៗ ក្រោយជិះម៉ូតូបុ.កពីក្រោយរថយន្តចត
ខាងស្ដាំដៃ
KCSM2024-07-31 12-36pm
ភ្នំពេញ៖ នារីម្នាក់ចេញពីធ្វើការជិះម៉ូតូជ្រុលចង្កូតទៅបុកគូទរថយន្តកូរ៉េមួយគ្រឿង មិនចាំស្លាកលេខដែលចតចោលខាងស្ដាំដៃ បណ្ដាលឱ្យបាត់បង់អាយុជីវិតភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខបួន ក្នុងសង្កាត់ចោមចៅបី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះម៉ូតូហុងដាខ្លីចពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1AE-6742 ធ្វើដំណើរតាមដងផ្លូវជាតិលេខបួន ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បុកជាមួយគូទរថយន្តទ្រុងមួយគ្រឿងមិនចាំស្លាកលេខ ដែលចតចោលខាងស្ដាំដៃ បណ្ដាលឲ្យម៉ូតូបោកទៅថ្នល់រងការខូចខាតផ្នែកខាងមុខ ចំណែកអ្នកបើកបរជានារីបានបាត់បង់អាយុជីវិតភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុ។
សពជនរងគ្រោះមានឈ្មោះ សុ មាលី អាយុ ២៦ឆ្នាំ មានមុខរបរជាអ្នករត់តុនៅហាង មានស្រុកកំណើតឯស្រុកល្វាឯមខេត្តកណ្តាលឯណោះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុទៅលើសពជនរងគ្រោះ ហើយបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូបានយកទៅរក្សាទុកដេីម្បីរង់ចាំស្វែងរករថយន្ដមកដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ ត្រយងតូច