ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បន្ទាប់ពីយកដុំថ្មគប់រថយន្តមួយគ្រឿងកំពុងបើកតាមផ្លូវ

KCSM2024-08-01 02-55pm

កណ្តាល៖ ក្រុមក្មេងស្ទាវ២នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីយកដុំថ្មគប់អ្នកបើករថយន្ត តែមិនត្រូវ បែជាត្រូវចំរថយន្តខាងក្រោយ កាលពីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២០:៣០នាទី ចំណុច៖ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ សយ សីហា ហៅខ្លុញ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅមានទីលំនៅភូមិរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ទី២.ឈ្មោះ ខេង សីហា ហៅកែប ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅមានទីលំនៅភូមិគ ឃុំចាន់ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។ ដកហូតដុំថ្ម ០១ដុំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី៣១.០៧.២០២៤ វេលាម៉ោង២០:៣០នាទី ជនរងគ្រោះ និងតៃកុងរថយន្ត បានបើកបររថយន្ត ០១គ្រឿង ម៉ាក ហ៊ីយិនដាយ (ប្រភេទដឹកទំនិញ) ដឹកបន្លែតាមផ្លូវជាតិលេខ៨ មកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏ឃើញជនសង្ស័យចំនួន០២នាក់ ដើរតាមផ្លូវ (ផ្លូវភ្លោះ) បញ្ច្រាសទិសគ្នា ហើយឃើញជនសង្ស័យឈ្មោះ សយ សីហា យារដៃគប់ដុំថ្មសំដៅតៃកុងរថយន្ត តែដុំថ្មទៅត្រូវចំទ្រុងរថយន្តចំហៀងខាងឆ្វេង ឮសំឡេងផាំង ភ្លាមនោះតៃកុងរថយន្តបានឈប់រថយន្ត ហើយជនសង្ស័យទាំង០២នាក់បានរត់គេច ទើបជនរងគ្រោះចុះពីរថយន្តស្រែកឆោឡោ ឱ្យអ្នកដំណើរជួយចាប់ជនសង្ស័យទាំង០២នាក់ ហើយរត់ដេញតាមជនសង្ស័យ តែរត់តាមមិនទាន់។

ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់មកសាកសួរ និងចាប់យកវត្ថុតាង ហើយបញ្ជូនជនសង្ស័យទាំង០២នាក់ មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ:សង្គម