ក្រសួងសុខាភិបាល ហាមការចែកចាយ និងទទួលទានស្រាថ្នាំ៣ ប្រភេទ ក្រោយរកឃើញថា..


KCSM2024-07-24 01-38pm

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមពលរដ្ឋ ចែកចាយ នឹងទទួលទានស្រាថ្នាំចំនួន៣ប្រភេទ បន្ទាប់ពីក្រសួងរកឃើញថា ស្រាថ្នាំទាងនេះ មានសារធាតុបង្កើននូវផ្លូវភេទបុរស ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ហាមបងប្អូនប្រជាពលរដ្ឋទទួលទាន ចែកចាយនូវស្រាថ្នាំ ប្រភេទ Royal Health Wine EST:2005 ចំណុះ500ml, Royal Health Wine EST:2005 ចំណុះ 100ml និងស្រាសុខភាព CHL ចំណុះ150ml ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៉ីមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បន្ទាប់ពីវិភាគពីគុណភាពស្រាថ្នាំទាំងបីប្រភេទនេះ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល រកឃើញថា មានផ្ទុកសាធាតុ SILDENAFIL (សារធាតុបង្កើននូវផ្លូវភេទបុរស) ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាចគ្រោះថ្នាក់ដល់អាយុជីវិត។

ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាបលរដ្ឋទាំងអស់កុំទទួលទានស្រាថ្នាំ៣ប្រភេទខាងលើនេះ និងសូមឱ្យបងប្អូនអាជីវករ​ឈប់ចែកចាយ ឬលក់ស្រាថ្នាំទាំងនេះជាបន្តទៀត។ ជាពិសេស ក្រសួងសុខាភិបាល បានស្នើឱ្យអាជ្ញាធរ សម្ថកិច្ចនៅតាមបណ្តាលរាជធានី/ខេត្ត ចុះណែនាំ អប់រំ ដើម្បីទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង៣ប្រភេទខាងលើនេះឱ្យបានុម៉ឺងម៉ាត់តាមនិតិវិធីច្បាប់៕

អត្ថបទ៖ សង្គម