អាជីវកម្មជាច្រើនប្រឈមនឹងបញ្ហាផ្នែកច្បាប់ នេះបើតាមអ្នកជំនាញអាជីវកម្មនិងអ្នកច្បាប់បានលើកឡើង….
លោក
KCSM2024-07-12 01-22pm
ការធ្វើអាជីវកម្មក្នុងយុគសម័យឌីជីថល វាពិតជាមានភាពងាយស្រួល បញ្ជូនព័ត៌មានអំពីផលិតផល និងសេវាកម្មបានឆាប់រហ័ស និងចំគោលដៅមែន ប៉ុន្តែក៏ប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួន ដូចជាការប្រកួតប្រជែងក្នុងទីផ្សារដ៏តានតឹង និងវត្តិសេដ្ឋកិច្ចក្រោយកូវីដ-១៩។ បញ្ហាស្មុគស្មាញមួយទៀតនោះគឺ ផ្លូវច្បាប់ ដែលភាគច្រើននៃអ្នកចាប់ផ្ដើមបើកអាជីវកម្មថ្មីថ្មោង តែងជួបប្រទះ។ បច្ចុប្បន្ននេះធុរកិច្ចដែលរឹងមាំ និងមានអនាគតល្អ ចាំបាច់ណាស់ត្រូវផ្សាភ្ជាប់ទៅនឹងច្បាប់ ពោលច្បាប់និងធុរកិច្ចត្រូវដើរទន្ទឹមគ្នា។
ទាំងអស់នេះជាទស្សនទានរួមរបស់ប្រធាន BizKhmer Digital Media និង ក្រុមហ៊ុនមេធាវី Legal Trust ក្នុងពេលចុះកិច្ចព្រមព្រៀង នៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចែករំលែកចំណេះដឹងវិស័យទីផ្សារ និងច្បាប់ និងបង្កើតឱកាសអាជីវកម្មជាមួយគ្នាទៅវិញទៅមក។
ក្នុងគោលបំណងចង់ចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងខាងលើ ក្រុមហ៊ុនរកស៊ីខាងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងក្រុមហ៊ុនច្បាប់ទាំងពីរនេះបានសម្រេចព្រមព្រៀងគ្នាលើគោលដៅរួមគឺ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយពាក់ព័ន្ធនឹងការធ្វើទីផ្សារឌីជីថល និងដំណើរការផ្លូវច្បាប់ សម្រាប់អាជីវកម្ម។
លោក យ៉ន សុភារិទ្ធ ជានាយកគ្រប់គ្រង BizKhmer Digital Media លើកឡើងថា ក្រុមហ៊ុនលោក កន្លងមកបានធ្វើការផ្សព្វផ្សាយច្រើន ទាក់ទងនឹងទិន្នន័យទីផ្សារ និងព័ត៌មានអំពីការធ្វើធុរកិច្ច។ ក្រុមហ៊ុនលោក ក៏ទទួលសេវាកម្មប្រឹក្សាយោបល់លើយុទ្ធសាស្ត្រទីផ្សារ បណ្ដុះបណ្ដាលជំនាញទីផ្សារ និងប្រមូលទិន្នន័យសំខាន់នានាសម្រាប់អាជីវកម្មដែលកំពុងឈានជើងចូលក្នុងទីផ្សារផងដែរ។ ប៉ុន្តែពាក់ព័ន្ធនឹងផ្នែកច្បាប់ លោកនៅតែពឹងពាក់លើសេវាពីខាងក្រៅ។
តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយដៃគូរផ្នែកច្បាប់លើកនេះ គឺជាជោគជ័យមួយទៀត ក្នុងការបោះជំហានទៅរកគោលដៅរួមគ្នា គឺធានាបាននូវការផ្ដល់សេវាជូនអតិថិជនឲ្យចំគោលដៅ និងមានប្រសិទ្ធភាព។
ចំណែកលោក សួន ប៊ុនធឿន ប្រធានក្រុមហ៊ុនមេធាវី Legal Trust លើកឡើងពីចំណុចខ្វះចន្លោះរបស់ម្ចាស់អាជីវកម្មមួយចំនួន ដែលមិនសូវដែលគិតពីបញ្ហាផ្លូវច្បាប់មុនពេលបើកដំណើរការអាជីវកម្មរបស់ខ្លួនទេ ដល់ពេលមានបញ្ហាទើបស្វះស្វែងរកការប្រឹក្សាផ្នែកច្បាប់ ដែលធ្វើឲ្យពួកគាត់ប្រឈមនឹងការខាតបង់ច្រើនទាំងពេលវេលា និងចំណូល។
ដូច្នេះហើយតាមរយៈដៃគូផ្សព្វផ្សាយ ស្រាវជ្រាវ និងវិភាគទីផ្សារ BizKhmer Digital Media លោកជាអ្នកច្បាប់ នឹងមានឱកាសកាន់តែទូលំទូលាយក្នុងការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់ទៅកាន់សាធារណជន ជាពិសេសអ្នកមានមានបំណងចង់បើកអាជីវកម្ម ឲ្យយល់អំពីសារសំខាន់ផ្នែកច្បាប់ ក្នុងការការពារអាជីវកម្មរបស់ពួកគាត់ឲ្យបានរឹងមាំ និងមាននិរន្តរភាព។
សូមជម្រាបថា ក្រុមហ៊ុន BizKhmer Digital Media និងក្រុមហ៊ុនមេធាវី Legal Trust បានចុះ កិច្ចព្រមព្រៀងយោគយល់គ្នា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ នៅការិយាល័យមេធាវី Legal Trust ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសផ្ដល់យោបល់រវាងក្រុមហ៊ុនទាំងពីរ។
អត្ថបទ៖ សង្គម