KCSM 2024-05-29 12-44pm

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ផាលត្រគាកខាងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរបើកបុកជាមួយម៉ូតូស្កុបពី កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សារិន ថារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AN-0909 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តក្រុងដឹកអ្នកដំណើរ របស់សាលារាជធានីភ្នំពេញ ខ្សែរថ4B ពណ៌លឿង ពាក់ស្លាកលេខ រដ្ឋ37 3-0179 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកប៉ះពីក្រោយម៉ូតូស្កុបពី កំពុងជិះស្របទិសគ្នា បណ្តាលដួលបោករងរបួសធ្ងន់ បាក់ផាលត្រគាកខាងស្តាំ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតួចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ