kcsm2024-05-27 05-43pm

ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំទៅកាន់មន្ទីរ និងការិយាល័យអប់រំ ព្រមទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឲ្យចាត់វិធានការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ បារីអេឡិចត្រូនិក នៅក្នុង និងជុំវិញបរិវេណសាលារៀន។ ក្រសួងបានដាក់វិធានការចំនួន៣ ដើម្បីឲ្យមន្ទីរ និងការិយាល័យអប់រំ ព្រមទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនអនុវត្ត ដោយក្នុងនោះរួមមាន៖
ទី១ ធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិច ត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។ ទី២ ហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារី អេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុង និងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។ ទី៣ សហការជាមួយមាតា បិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការ កំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ក្រសួងក៏បានលើកឡើងពីវិបត្តិដែលបង្កឡើងដោយបារីអេឡិចត្រូនិក និងការព្រួយបារម្ភថា បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) មិនមែនជាឧបករណ៍សម្រាប់ផ្ដាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។
អត្ថបទ:សង្គម

