KCSM2024-05-27 04-39pm

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដែលបានបង្កការអុកឡុកនៅក្នុងក្រុងព្រះសីហនុ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង២០នាទីយប់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជុំការឃាត់ខ្លួនយុវជនទាំង០៨នាក់នេះ គឺកម្លាំងធ្វើឡើងដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខណៈពេលកម្លាំងកំពុងជិះល្បាតតាមភូមិសាស្រ្តនានា ស្រាប់តែមកដល់ចំណុចភ្លើងស្តុបផ្លូវលេខ៥០២ បានឃើញមានក្មេង០១ក្រុម ដោយមានការសង្ស័យក៏បានធ្វើការឆែកឆេរ ស្រាប់តែរកឃើញមានកាំបិតបុ័ងតោចំនួន០១ដើម និងសារមួយដែលពួកគេបានណាត់ជួបវាយគ្នា។

ដោយឃើញបែបនេះទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០១និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក៏បានឃាត់ខ្លួនបានក្មេងទំនើងចំនួន០៨នាក់ ដកហូតកាំបិតបុ័ងតោ០១ដើម ព្រមទាំងម៉ូតូចំនួន០៣គ្រឿង ម៉ាកHonda Dream និងម៉ាក Nex ពណ៌ស ចំនួន ០២ គ្រឿង ។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៨នាក់ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសួរនាំតាមនីតិវិធី៕

អតត្ថបទ៖ ឈុន គឹមហៃ