KCSM2024-05-17 03-56pm

ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិជប៉ុនម្នាក់ កំពុងដើរតាមផ្លូវ នៅចំណុចផ្លូវលេខ១៤៤ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១០នាទី។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវនឹងស៊េីបអង្កេតកំណត់មុខសញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម៉ូតូម៉ាក ហុងដាភីសុីអុិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-1718 ជារបស់ជនសង្ស័យដែលបានធ្វើសកម្មភាព។
ជនសង្ស័យមានឈ្មោះ ទេព ឧត្តមបណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ គឺជាមុខសញ្ញាចាស់ បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះជាជនជាតិជប៉ុន ពេលកំពុងដេីរម្នាក់ឯងបានសំរេច ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ ទូច វិច្ឆិកា

