KCSM 2024-04-08 12-48pm


ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករះម៉ូតូចតទុកនៅមុខផ្ទះមួយគ្រឿង និងរថយន្តចំនួន៣គ្រឿងរងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកផ្ទប់បង្គោលភ្លើងបណ្តាលឱ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អអ្នកបើកបរមិនមានរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៤ ចំណុចទល់មុខវត្តស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6664 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករះពីក្រោយម៉ូតូមួយគ្រឿងម៉ាក FTR ពាក់ស្លាកលេខភ្នំពេញ 1CK-3182 ចតទុកចោលនៅមុខផ្ទះរងការខូចខាត ហើយរថយន្តបង្កបន្តទៅបុក រះរថយន្តចំនួន៣គ្រឿងទៀតកំពុងធ្វើដំណើរស្របគ្នានៅពីមុខ រថយន្តទី១ម៉ាក JAC ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2BT-9040 បើកបរដោយបុរសម្នាក់រងខូចខាតផ្នែកកាងខាងក្រោយ ជារថយន្តរបស់ក្រុមហ៊ុនដឹកទំនិញវីរះប៊ុនថាំ ចំណែករថយន្តទី២ម៉ាក Mazda ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BL-6939បើកបរដោយបុរសម្នាក់រងការខូចខាតទ្វារមុខចំហៀងខាងស្តាំ ចំណែករថយន្តចុងក្រោយម៉ាក Mazda ដូចគ្នាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-3997 បើកដោយនារីម្នាក់រងការខូចខាតផ្នែកខាងមុខចំហៀងនៃខាងស្តាំយ៉ាងដំណំ ។
ជុំវិញករណីបុករះខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ខូចខាតតែសម្ភារះផ្ទាល់ខ្លួន និងបង្គោលភ្លើងរដ្ឋមួយដើមបុណ្ណោះ ចំណែកអ្នកបើករថន្តបង្កត្រូវសមត្ថកិច្ចឃាត់បានយកទៅប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីសួរនាំ។ ហើយទាំងនាំយករថយន្តទាំង៤គ្រឿង និងម៉ូតូមួយគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ ត្រយងតូច



