KCSM2023-12-05 11-47am

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជនជាតិបង់ក្លាដែស១០នាក់ និងនេប៉ាល់ ​ចំនួន២ នាក់ សរុបចំនួន១២ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលបំណងជំរិតយកប្រាក់។
ជនសង្ស័យជនជាតិ១២នាក់ខាងលើមានអាយុចន្លោះពី ២៥ឆ្នាំដល់ ៤២ឆ្នាំ។ សំណុំរឿងខាងលើនេះបាននឹងកំពុងស្ថិតក្នុងការស៊ើបសួរ ក្នុងដៃលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរំដោះជនរងគ្រោះជាជនជាតិបង់ក្លា ដែសចំនួន២នាក់ បន្ទាប់ពីទទួលបានដំណឹងតាមទូរស័ព្ទដែលជនរងគ្រោះប្តឹងសុំជំនួយអន្តរាគមន៍តាមរយៈប្រព័ន្ធ HOT LINE 1291 របស់កងរាជអាវុធហត្ថ ។​
សូមជម្រាបថា ប្រតិបត្តិការបង្រ្កាបជនសង្ស័យទាំង១២នាក់ខាងលើ សមត្ថកិច្ចបានផ្ទុះអាវុធតែពុំមានអ្នករងបួសនោះទេ។ ករណីចុះបង្រ្កាបនេះកើតឡើងនៅត្រង់ផ្ទះវីឡាមួយកន្លែងស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១២ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ៕

អត្ថបទ៖ចតុមុខ