KCSM2023-12-05 12-48pm

ភ្នំពេញ៖ រថយន្ដព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ដឹកភ្ញៀវបរទេសពីរនាក់ ចេញពីអាកាសយានដ្ឋាអន្តរជាតិភ្នំពេញ ជ្រុលមកបុកបង្កាន់ដៃស្ពាន៥មករា បង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១២:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ពណ៍ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BE-7185 ធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានដឹកភ្ញៀវបរទេសពីរនាក់ កាត់តាមផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចគល់ស្ពានអាកាស៥មករា ក៏រ៉េចង្កូតទៅខាងស្ដាំដៃ បុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឱ្យរថយន្ដរងការខូចខាតខ្ទិចមួយកំណាត់មុខ ឯភ្ញៀវដែលជិះក្នុងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់។

ចំណែកម្ចាស់រថយន្ដក្រោយពីកើតហេតុ បានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ មួយសន្ទុះក្រោយមកក៏មានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋដែលនៅក្បែរនោះ យកបំពង់ពន្លតអគ្គិភ័យជួយបាញ់ពន្លត់ តែមិនរលត់ ទើបសមត្ថកិច្ចខណ្ឌទួលគោក ចេញរថយន្ដពន្លត់អគ្គិភ័យពីរគ្រឿង មកអន្ដរាគមន៍ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវ៉ាស់វែង រួចស្ទូចរថយន្ដបង្ករយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
អត្ថបត៖ ត្រយងតូច
