KCSM 2023-09-27 03-45pm

ភ្នំពេញ៖ រថយន្តមន្ទីរពេទ្យឯកជន បុកជាមួយរថយន្ត Pajeroពីចំហៀង នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបែកជាបួន ក្រឡាប់សង្កត់លើម៉ូតូធូដេមួយគ្រឿងកំពុងចតនៅកែងស្តុប អូសជាច្រើនម៉ែត្រ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ២៥ នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបបំបែកជាបួន តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តPaJero មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AM-4491 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនកន្លែងកើតហេតុ ក៏មានរថយន្តមន្ទីរពេទ្យឯកជន សុងការណ៍ មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ2A-8564 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សទើសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត Pajero ពីចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឱ្យរថយន្ត Pajero ក្រឡាប់លើម៉ូតូធូដេមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ1A-7241 កំពុងចតនៅលើចិញ្ចើមផ្លូវកែងភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរឯកជនមួយគ្រឿងទៀតដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បាននាំអ្នកបើកបរភាគីទាំងសងខាង ទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត។ ចំណែករថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងសមត្ថកិច្ចធ្វើការរបស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា