KCSM 2023-09-27 07-08pm

(ភ្នំពេញ)ក្រសួងមហាផ្ទៃនឹងរឹតបន្ដឹងលើការគ្រប់គ្រងគ្រឿងញៀនក្នុងចំណោមមន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ នឹងធ្វើតេស្តរកសារធាតុញៀន ហើយថា ប្រសិនបើរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានចុះកាលបរិច្ឆេតថ្ងៃទី២៧ កញ្ញា ២០២៣។

លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ
នៅក្នុងសេចក្ដីណែនាំនេះ បានដកស្រង់ប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយឯកឧត្តម អភិសន្តិបណ្ឌិត បានណែនាំឲ្យគ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ
ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាម មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីសេចក្ដីណែនាំនេះត្រូវបានដាក់ចេញ។
សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូន ដំណឹងជាមុន។ ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើ តេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។
ប្រភព ក្រសូង
