KCSM 2023-09-2511-58am

ភ្នំពេញ ៖ អ្នកគ្រូពេទ្យម្នាក់ ខណៈដែលកំពុងជិះម៉ូតូទៅធ្វើការងារ ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចហើយ ផ្អើលអ្នកដំណើរស្រែកចោរ ធ្វើឱ្យជនសង្ស័យបន្ថែមល្បឿនម៉ូតូបើកគេច ឆ្លងផ្លូវទៅបុកម៉ូតូ២គ្រឿង ម៉ូតូហុងាBeat និងហុងដាឌ្រីម បណ្តាលឱ្យដួលស្លាប់ខ្លួនឯង ចំណែកអ្នកដំណើរ២នាក់ផ្សេងទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះក្នុងករណីឆក់កាបូបមាន ឈ្មោះ សាំង សុនីតា អាយុ៣៤ឆ្នាំ ជាគ្រូពេទ្យនៅមន្ទីពេទ្យកុមារជាតិ រស់នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅក្នុងកាបូប មានសម្ភារៈពេទ្យ ប្រអប់បាយ ទូរស័ព្ទ លុយ៩មុឺនរៀល ។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-6152 ធ្វើដំណើរឆ្ពោះទៅធ្វើការងារ តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ខាងក្រោមស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5458 តាមពីក្រោយ ហើយឆក់យកកាបូប បានសម្រេចហើយ ព្តាយាមជិះម៉ូតូគេចឡើងទៅផ្លូវសហព័ន្ធរុស្សុី ផ្អើលឆោឡោ ទាំងអ្នកដំណើរ ស្រែកចោរៗ ដេញតាម ជនសង្ស័យបើករត់ បានចំងាយជាង១គីឡូម៉ែត្រ ដល់ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ជនសង្ស័យបើកម៉ូតូឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូម៉ាកហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-6670 ជិះដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីជើងទៅត្បូង និងបន្តទៅបុកម៉ូតូ ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4236 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្សុីពីកើតទៅលិច បណ្តាលឱ្យដួលទាំង៣គ្រឿង ជនសង្ស័យបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរស២នាក់ ជាអ្នកដំណើរផ្សេងទៀត រងរបួសធ្ងន់ ។ក្រោយកើតហេតុ ស្ត្រីរងគ្រោះយកកាបូបពីសពជនសង្ស័យមកវិញ ជនរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ម៉ូតូ៣គ្រឿងរងខូចខាត ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា យោងតាមការស្រាវជ្រាវ សពជនសង្ស័យមានឈ្មោះ យ៉េន វ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធ និងកូនប្រុសម្នាក់ សននាក់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិភ្នំព្រាល ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ ហើយនៅកន្លែងកើតហេតុ ឃើញបងប្អូន ក្រុមគ្រួសារ ប្រពន្ធកូនរបស់ជនសង្ស័យ ស្រែកទ្រហោរយំ ទាំងមិននឹកស្មានដល់ កើតមានរឿងបែបនេះ ។
ករណីចោរឆក់កាបូប បង្កក្លាយជាគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ច ទាំងខាងចរាចរណ៍ ទាំងខាងព្រហ្មទណ្ឌ សហការចុះទៅពិនិត្យ ហើយនាំស្ត្រីរងគ្រោះទៅសាកសួរ ទទួលបណ្តឹង កសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកខាងចរាចរណ៍ ចុះទៅពិនិត្យរួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកម៉ូតូ៣គ្រឿងទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ
