KCSM 2023-01-25 02-52pm

ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កដឹកត្រី សាច់ បន្លែ មួយគ្រឿង ទើបវិលត្រឡប់មកពីប្រមូលទិញបន្លែត្រីសាច់វិញ បើកមិនទាន់ទៅដល់កន្លែងលក់ផង រេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ត្រីដែលនៅរស់បានរួចអស់ចូលក្នុងទឹកប្រឡាយ ដោយសារបើកគេចពីម៉ូតូក្មេងស្រី ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CI-4773 ដឹកត្រី សាច់ បន្លែ ម្ហូប បើកដោយបុរសម្នាក់រួមដំណើរជាមួយម្តាយ បើកល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយម៉ូតូ ជិះដោយក្មេងស្រី ក្នុងដំណើរស្របទិស ទើបព្យាយាមគេច តែជ្រុលរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ២នាក់ម្តាយកូនរងរបួសស្រាល ម្ហូប ត្រី សាច់ បន្លែ ធ្លាក់ខ្ទាតចូលក្នុងទឹកស្អុយ ។បើតាមសម្តីស្ត្រីម្ចាស់ម៉ូតូរុឺម៉ក បានឲ្យដឹងថា គាត់២នាក់កូនប្រុស ទើបវិលត្រឡប់មកពីទិញ បន្លែ ត្រី សាច់ នៅផ្សារព្រែកព្នៅ គោលបំណងដឹកយកទៅលក់ដូរ នៅឯខាងស្រុកអង្គស្នួល ទើបបើកដល់ចំណុចកើតហេតុ គេចពីម៉ូតូក្មេងស្រី ជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយបែបនេះ ហើយត្រីនៅរស់ចំនួន១០គីឡូក្រាម ត្រូវបានរួចចូលក្នុងទឹកប្រឡាយ នៅសល់តែត្រីងាប់ បន្លែ សាច់ ។

9

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រងគ្រោះដោយសារខ្លួនឯង មិនបង្កដល់អ្នកដទៃ ទើបឲ្យម្ចាស់ហៅរថយន្តស្ទូចទៅលើកយកម៉ូតូរុឺម៉ក ដើម្បីដឹកយកទៅជួសជុលដោយខ្លួនឯង ៕