KCSM2022-01-1103-48pm

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានធ្វើលិខិតស្នើសុំ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយអន្តរាគមន៍ឲ្យមានការអនុគ្រោះលើកលែងពន្ធ

ភ្នំពេញ៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា- បានធ្វើលិខិតគោរពចូល រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងជំនួបលើកទី៥ឆ្នាំ២០២៣ រវាង សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មាន ដើម្បីស្នើសុំជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ និងអគ្គនាយកដ្ឋានពន្ធដារ ឲ្យមានការអនុគ្រោះលើកលែងពន្ធ ចំពោះអាជ្ញាប័ណ្ណកាសែត និងសារព័ត៌មានអនឡាញ ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា បច្ចុប្បន្នស្ថាប័នកាសែត និងសារព័ត៌មានអនឡាញភាគច្រើនដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើការជួយសង្គមដោយស្ម័គ្រចិត្ត គ្មានប្រាក់បៀវត្ស និងពុំមានប្រាក់ចំណូលពីការធ្វើអាជីវកម្មរបស់ខ្លួនឡើយ សូម្បីស្ថាប័នមួយចំនួនពុំមានលទ្ធភាពចុះបញ្ជីពាណិជ្ជកម្មផង ឯស្ថាប័នខ្លះដែលបានចុះបញ្ជីរួច គ្មានលទ្ធភាពបង់ពន្ធអាជីវកម្ម (ពន្ធប៉ាតង់) ចំនួន៤០,០០០,០រៀលក្នុងមួយឆ្នាំ ជាហេតុធ្វើឲ្យជួបផលវិបាកជាខ្លាំង។ ប៉ុន្តែអ្នកសារព័ត៌មានទាំងអស់គ្នាមានឆន្ទៈយ៉ាងមោះមុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕