KCSM 2023-01-0902-25pm


ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿនគេចរថយន្តក៏ជ្រុលទៅបុកខឿនថ្មចិញ្ចើមផ្លូវពេញទំហឹង នាវេលាម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ត្រង់ចំណុចរង្វង់មូលដើមពោធិ៍វត្តភ្នំ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ប៉ាត ផែនដី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តតាកែវ។ និងបុរសម្នាក់ទៀតដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណ។ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខព្រះវិហារ1D.6685 ។
តាមប្រភពពក័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ បុរសពីរនាក់ជិះម៉ូតូឌ្រីមសង់បើកតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ វ៉ាក់អើជាមួយរថយន្តមួយគ្រឿង ជ្រុលទៅបុកខឿនថ្មចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឱ្យដួលស្លាប់ម្នាក់នឹងរងរបួសធ្ងន់ម្នាក់។ចំណែកឯរថយន្តបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅជួយព្យាបាលភ្លាមៗ៕

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុវាស់វែងនឹងយកម៉ូតូទៅរក្សាទុកចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕