KCSM2023-01-0811-25an


(តាកែវ) ស្នងការនគរបាលខេត្តតាកែវ បានដកបញ្ឈរជើងប៉ូលិសចរាចរណ៍ជាង ១០នាក់ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍ និងរងចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិន ខាងលើ ដើម្បីស្រាយមន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
ការដកបញ្ឈរជើងបន្ទាប់មានរឿងជម្លោះផាកពិន័យជាមួយជនជាតិចិនម្នាក់។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន ដែលមានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថាៈ ជម្រាបសួរនាយករដ្ឋមន្ត្រីៈ ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍និតិរដ្ឋចិន ខ្ញុំចង់ផ្តល់យោបល់ជូនអ្នកនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ ៦៨ ខ្ញុំហួសល្បឿនកំណត់៣០% សង្ស័យវាស់ល្បឿនខុស មិនអាចបើកឡានធំបានលឿនពេក ប៉ូលិសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិនក៏ចង់ផាកពិន័យ១០០$ ខ្ញុំក៏បានលើកហេតុផលហេតុអីយកប្រាក់មកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន បណ្តាលឱ្យខាតបង់រដ្ឋាភិបាល និងប្រទេសជាតិ ខ្ញុំថតរូបប្រមូលភស្តុតាង ប្រមូលលុយមិនចេញវិក័យប័ត្រ ប៉ូលីស ០៥នាក់ មកឆក់ឧបករណ៍វីដេអូ និងទូរស័ព្ទដៃជាច្រើននាក់ វាយដំខ្ញុំរបួសជាច្រើនកន្លែង។ ប៉ូលីសបានលុបរូបថតទាំងអស់របស់ខ្ញុំដែលប្រមូលភស្តុតាង និងប្រមូលលុយ នៅទីបំផុតខ្ញុំត្រូវបានគេឱ្យចាកចេញដោយគ្មានវិក័យបត្រចំនួន ៥០$ ។


បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឱ្យបង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីស្វែងរកការពិត និងបំភ្លឺជូនសាធារណៈជន ចំពោះករណីនេះដែរតាមរបាយការណ៍បឋមគឺកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍ផ្លូវគោកគោលដៅផ្លូវជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពេលអនុវត្តកម្លាំងជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7701 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមានៅទីតាំងបានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រក្នុងមួយម៉ោង) ត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ១៥០,០០០៛ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ត្រង់មាត្រាទី៧ ចំណុច បើកបរលើសល្បឿនកំណត់ ចាប់ពី២០ដល់២៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលដែលកម្លាំងជំនាញកំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន (មិនចេះនិយាយខ្មែរ) បានឃើញស្រាប់តែ ជនជាតិចិនខាងលើ បានស្រែកឡូឡាបញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យប្រកែកមិនទទួលស្គាល់កំហុសបើទោះជាសមត្ថកិច្ចបានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីនចាប់ល្បឿនក៏ដោយ។ ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរស័ព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិននោះមិនបានបានធ្វើតាមទេ ដោយយកទូរស័ព្ទមកថតនគរបាលតែម្តង ទោះនគរបាលបានណែនាំកុំឱ្យថតក៏ដោយ ទើបនគរបាលនៅគោលដៅ បានព្យាយាមឃាត់សកម្មភាព តែយ៉ាងណាក្តីជនជាតិចិននៅតែចចេស និងបានទាញទូរស័ព្ទពីនគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការនៅគោលដៅ មិនមែនជាករណីប្រើអំពើហិង្សានោះទេ។ មួយសន្ទុះក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅក៏បានអនុញ្ញាតឱ្យជនជាតិចិនបើករថយន្តចេញទៅ ដោយមិនបានទាមទារការពិន័យទឹកប្រាក់១០០ដុល្លា និងមានការឱ្យប្រាក់៥០ដុល្លាដូចការលើកឡើងនោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ មន្ត្រីនគរបាលគោលដៅ ដែលមានបញ្ហាជាជនជាតិចិនខាងលើ បច្ចុប្បន្នការិយាល័យជំនាញ បានកំពុងធ្វើការសាកសួរបន្ថែម និងបញ្ឈរជើងជាបណ្តោះអាសន្ន រងចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍ និងរងចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិន ខាងលើ ដើម្បីស្រាយមន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។