KCSM2023-01-0401-15pm


ភ្នំពេញ ៖ រថយន្តធុនធំអូសសណ្តោងទ្រុងបែនដឹកថ្មមួយគ្រឿង បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទ្រុងបែនដឹកថ្មដូចគ្នា ដែលមានម្ចាស់ក្រុមហ៊ុនតែមួយ បណ្តាលឲ្យមួយគ្រឿងខ្ទេចរួញកាប៊ីន កៀបជាប់ជើងអ្នកបើកបរ មុតជុងជាប់ដែកជើងឆ្វេង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះកៀបជាប់ជើងរងរបួសធ្ងន់ ឈ្មោះ ស្រស់ វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកថ្ម រស់នៅភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។តាមប្រភពពីក្រុមអ្នកបើកបររថយន្តដូចគ្នា បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តធុនធំ ដឹកថ្ម ចំនួន៤គ្រឿង មានថៅកែ ម្ចាស់ក្រុមហ៊ុនតែមួយ បើកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឆ្ពោះចូលរាជធានីភ្នំពេញ ដោយបើកបន្តកន្ទុយគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត រថយន្តខាងក្រោយគេ ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿងទុំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3879 សណ្តោងទ្រុងបែន ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0513 ល្បឿនលឿន លុះដល់ចំណុចកើតហេតុ រថយន្តខាងមុខបង្អន់ល្បឿន ដោយសារមានរថយន្តផ្សេងឆ្លងកាត់ផ្លូវ ស្រាប់តែហ្វ្រាំងអត់ជាប់ ជ្រុលបុកពីក្រោយ រថយន្តបែនដឹកថ្មដូចគ្នាម៉ាកនីសាន់ ពណ៌លឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2793 បណ្តាលឲ្យរថយន្តបង្ក ខ្ទេចរួញកាប៊ីនកៀបជាប់អ្នកបើកបរ មុតជុងដែកជាប់ជើងឆ្វេង ។
ក្រោយកើតហេតុ ក្រុមអ្នកបើកបររថយន្តដូចគ្នា ជាមួយប្រជាពលរដ្ឋ នាំគ្នាគាស់ទាញយកជនរងគ្រោះតែមិនចេញ ដោយសារជុងជើងជាប់ដែក ទើបហៅក្រុមសង្គ្រោះ របស់អង្គភាពរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ យករថយន្តសង្គ្រោះ និងរថយន្ត សម្រាប់កាត់វះរថយន្ត ចេញទៅជួយអន្តរាគមន៍ កាត់កាប៊ីន ហែកវះ យកជនរងគ្រោះចេញ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ចំណែករថយន្តទាំង២គ្រឿង មានម្ចាស់ថៅកែក្រុមហ៊ុនតែមួយ គ្រោះថ្នាក់បើកបុកគ្នាឯង ក៏ដោយសារការបើកបរធ្វេសប្រហែស ខ្លួនឯង ត្រូវបានសមត្ថកិច្ចប្រគល់រថយន្តឲ្យម្ចាស់ ស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕

