KCSM2023-01-02 03-59pm


(ភ្នំពេញ)៖ សមត្ថកិច្ចប៉ូលិស ខេត្តកែប បានបញ្ជូនសំណុំរឿង លោក ភូ លិ អតីតអភិបាលរងខេត្តកែប ដល់តុលាការ ស្របពេលដែលសាម៉ីខ្លួនជនសង្ស័យគឺលោក ភូ លិ កំពុងរត់គេចខ្លួន!។
នេះបើយោងតាមការ បញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប។
ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកទី០២.០១.២០២៣ថាៈ សមត្ថកិច្ចរបស់លោក បានបញ្ជូនសំណុំរឿងលោក ភូ លិ អតីតអភិបាលរងខេត្តកែប ទៅតុលាការហើយ ពីបទៈ បៀតបៀន និងបង្ករបួសស្នាម។
ពេលនេះ សមត្ថកិច្ចកំពុងរង់ចាំអនុវត្តបន្តក្រោយ ពីមានការសម្រេច តាមឆន្ទានុសិទ្ធិរបស់តុលាការ។
ក្នុងនោះលោកស្នងការ ក៏បានបញ្ជាក់ថា អតីតអភិបាលរងខេត្តកែប រូបនោះបានគេចខ្លួន បន្ទាប់ពីបង្កហេតុភ្លាមៗ..!។
សូមជម្រាបថាៈ លោក ភូ លិ អតីតអភិបាលរងខេត្តកែប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែង កាលពីថ្ងៃទី៣១.១២.២០២២។
បន្ទាប់ពីស្រវឹងស្រាថើបប្រពន្ធគេ និងទាញកែវស្រាគប់ស្ត្រីម្នាក់ទៀតបណ្ដាលឱ្យរបួសធ្ងន់ ដេរចំនួន១៦ថ្នេរ។
នៅក្នុង«អាហារដ្ឋានសម្រស់កោះទន្សាយ»ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីយប់ទី២៩.១២.២០២២ ក្នុងពិធីជប់លៀងឡើងដំណែងលោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី! ។
ស្ត្រីរងគ្រោះក្នុងរឿងរ៉ាវមួយនេះឈ្មោះ ខូវ ហ៊ុយឡាំង បានរង(របួសធ្ងន់)បែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ។
បច្ចុប្បន្នៈ នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលរងការបៀតបៀនឈ្មោះ ទ.ម.រ.(មិនមានរបួសទេ) ពេលនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿង លោក ភូ លិ អតីតអភិបាលរងខេត្តកែប ដល់តុលាការហើយ បើទោះបីជា សាម៉ីខ្លួនកំពុងរត់គេចខ្លួនក៏ដោយ៕

