ថ្ងៃអង្គារ ២៨ កញ្ញា ២០២១


រថយន្តដឹកខ្សាច់ និងរថយន្តស៊េរីទំនើបម៉ាកRangRoverមួយគ្រឿងបុកគ្នាពេញទំហឹងនៅត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតទាំងសងខាង សំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើករថយន្តធន់ធំប្រភេទបែនដឹកខ្សាច់មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ចង្កូតស្តាំ PP-1562 ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក RANGER ROVER ពណ៌ស ស្លាកលេខ ភ្នំពេញ 2BH-8889 ធ្វើដំណើរដោយបុរសជនបរទេស៣នាក់តាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុរថយន្តទាំង២ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើង ហើយក៏បានធ្លាក់បែនទៅត្រូវចំនិងរថយន្ត RANG ROVER ទើបបណ្ដាលឱ្យរថយន្ដរងការខូចខាត។ គ្រាហ៍កំពុងកើតហេតុបុរសជាតៃកុងរថយន្តដឹកខ្សាច់បានបើកទ្វារថយន្តលោតចុះមកក្រោមរួចក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ប្រភពព័ត៌មានប្រាប់បន្តថា ភ្លាមៗនោះផងដែរក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកន្លែងកើតហេតុរួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការត្រួតពិនិត្យនៅទីតាំងកើតហេតុបន្ត។
សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែងនិងបានស្ទួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះ ស្រាយគ្នាពេលក្រោយ៕