ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតីនាយកមន្រ្តីជាមួយអ្នកសារ ព័ត៌មានលើកទី៧ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥

KCSM2025-05-02 01-42pm

(ភ្នំពេញ)កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកសារព័ត៌មាន លើកទី៧ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំធ្វើឡើងដើម្បីត្រៀមរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការកម្មវិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចេញនូវសេចក្តីជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបាន ចុះឈ្មោះចូលរួម ត្រូវត្រៀមលក្ខណៈ និងអនុវត្តន៍តាមការណែនាំរបស់គណៈកម្មការរៀបចំឱ្យបានល្អ និងមានសណ្តាប់ធ្នាប់ ។ ទន្ទឹមនេះនៅពេលអញ្ជើញទៅចូលរួម សម្រាប់ច្រកចូលអាគារ E និង G (ផ្លូវខាងជើង) សម្រាប់អង្គភាពវិទ្យុ ទូរទស្សន៍ និងអ្នកផលិត មាតិកា, ច្រកចូលអាគារ A និង B (ផ្លូវខាងត្បូង) សម្រាប់អង្គភាពកាសែត គេហទំព័រ ទស្សនាវដ្ដី ព្រឹត្តិបត្រ រោងពុម្ព ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំកម្ពុជា។

សូមរម្លឹកផងដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។

ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើក កម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន៦លើករួចមកហើយ ប៉ុន្តែ ត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះនៅក្នុងខែឧសភា ខាងមុខនេះគឺជាពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ៕