ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញអំពីតម្លៃនៃជំនួបរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរដ្ឋាភិបាល

KCSM2025-04-30 11-15am

(ភ្នំពេញ)ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា អ្វីៗដែលប្រមុខរដ្ឋាភិបាលបានលើកឡើងនិង បានសម្រេចនៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានគឺមានតម្លៃស្មើនឹងការសម្រេចរបស់គណៈរដ្ឋមន្ត្រី ។ នេះគឺលក្ខណៈពិសេសដែលមានតែនៅប្រទេសកម្ពុជា។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាឯកឧត្តមខៀវកាញារីទ្ធ សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា នេះគឺជាគោលគំនិតចំបងរបស់សម្តេចតេជោហ៊ុនសែន ដែលបានអនុវត្តតាំងពីជំនួបដំបូងរវាងអ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាលតាំងពីឆ្នាំ២០១៧។

ឯកឧត្តមខៀវកាញារីទ្ធដែលបានរៀបចំជំនួបដំបូងរវាងអ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាល បានអោយដឹងអំពីការងារជារៀងរាល់ឆ្នាំមុនជំនួបនេះថា ក្រសួងព័ត៌មាន បានអនុញ្ញាតអោយសមាគមអ្នកកាសែត ដែលបានជួបជុំគ្នា ពិភាក្សាគ្នាលើកបញ្ហារបស់ អ្នកសារព័ត៌មានហើយលើកយកមកអោយក្រសួងដោះស្រាយហើយអ្វីដែលលើសពីសមត្ថកិច្ចរបស់ក្រសួង គឺក្រសួងព័ត៌មានបានបញ្ជូនទៅប្រមុខរដ្ឋាភិបាល ដើម្បីយកទៅសម្រេចនៅពេលជួបជាមួយអ្នកសារព័ត៌មាន ។

ប្រមុខរដ្ឋាភិបាលបានយកសំណូមពរទាំងអស់របស់សមាគមអ្នកសារព័ត៌មាន ទៅពិភាក្សាជាមួយផ្នែកជំនាញទាំងអស់ ហើយលទ្ធផលយ៉ាងណា គឺប្រមុខរដ្ឋាភិបាល នឹងលើកយកទៅប្រកាសនៅពេលជួបជាមួយអ្នកសារព័ត៌មាន។

ឯកឧត្តមខៀវកាញារីទ្ធបានបញ្ជាក់ថា នៅក្នុងជំនួបកន្លងមក ប្រមុខរដ្ឋាភិបាល តែងតែលើកអំពីសភាពការណ៍ការងារខ្លះ អំពីការងារសារព័ត៌មានខ្លះ ហើយនឹងបង្ហាញដំណោះស្រាយសំណូមពរទាំងអស់របស់អ្នកសារព័ត៌មានដែលក្រសួងព័ត៌មានមិនអាចដោះស្រាយបាន។

ឯកឧត្តមខៀវកាញារីទ្ធបានចាត់ទុកការរៀបចំជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាលថា គឺជាការងារល្អណាស់។ វាជាប្រពៃណីមួយសម្រាប់រដ្ឋាភិបាលដែលជា ផ្នែកមួយនៃនីតិប្រតិបត្តិដើម្បីមានឱកាសបានជួយប្រាស្រ័យដោយផ្ទាល់ជាមួយអ្នកសារព័ត៌មាន។ លើសពីនេះទៅទៀតគឺជំនួបថ្ងៃទី៣ឧសភា គឺជាជំនួបរវាង អ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាលផងនិងជាមួយអាជ្ញាធររដ្ឋអំណាចផងដែរ ដោយនៅក្នុងជំនួបនោះមានវត្តមាន អភិបាល និងអភិបាលរង រាជធានីខេត្តត្រូវបានអញ្ញើញអោយមកចូលរួម។

សូមរំលឹកថា ជំនួបដំបូងរវាងអ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាលបានរៀបចំឡើងនៅថ្ងៃទី១៤មករា ឆ្នាំ២០១៧ ជាថ្ងៃដែលសម្តេចតេជោហ៊ុនសែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ប៉ុន្តែចាប់ពីឆ្នាំ២០២៣មក ជំនួបនេះត្រូវបានផ្លាស់ប្តូរទៅថ្ងៃទី៣ឧសភាវិញ ដែលស្របតាមទិវាសេរីភាពសារព័ត៌មាន។

សូមបញ្ជាក់ថា សម្តេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រមុខរដ្ឋាភិបាលគ្រោងនឹងអញ្ញើញចូលរួមនៅក្នុង ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាលនៅថ្ងៃទី៣ឧសភាឆ្នាំ២០២៥ខាងមុខនេះដែល គ្រោងរៀបចំឡើងនៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕

ប្រភព៖ ក្រសួងព័ត៌មាន