អាជ្ញាធរជាតិអប្សរា ចាត់ទុក ទង្វើ ម្ចាស់ ហ្វេសប៊ុក និង តិកតុក ឈ្មោះ Nina Daily ប្រាសចាកទាំងតម្លៃបេតិកភណ្ឌ និង សីលធម៌

KCSM2025-04-05 10-25Am

(ភ្នំពេញ)អាជ្ញាធរ ជាតិអប្សារ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីឱ្យ សាធារណជន បាន ជ្រាប ពាក់ព័ន្ធ នឹង ករណី ចម្រូងចម្រាស លើ បណ្ដាញ ទំនាក់ទំនងសង្គម ក្រោយ មាន ការ បង្ហោះ ផ្សព្វផ្សាយ វីដេអូ ប្រើប្រាស់កាយវិការ និង សំលៀកបំពាក់ មិន សមរម្យ នៅ មុខ ប្រាសាទអង្គរវត្ត របស់ ម្ចាស់ គណនីហ្វេសប៊ុក មួយ ដែល បាន បង្ហោះ វីដេអូ ក្នុង គោលដៅ បង្ហាញ និង លើក តម្កើង ពីការហាត់ប្រាណរបស់ ខ្លួន ប៉ះពាល់ដល់តម្លៃអង្គរ ដែល ជា សម្បត្តិ បេតិកភណ្ឌពិភពលោក។

ក្នុង សេចក្ដីប្រកាសរបស់ អាជ្ញាធរព័ត៌មាននោះ អាជ្ញាធរជាតិអប្សរា បាន សម្តែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ សម្បត្តិបេតិកភណ្ឌជាតិដោយពុំសមស្របនេះ ក្នុងនោះអង្គរវត្ត មិនមែនត្រឹមតែជាកេតនភណ្ឌជាតិ អត្តសញ្ញាណ ជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។
អាជ្ញាធរជាតិ អប្សរាបាន សង្កត់ ថា ធ្ងន់ ចំនួន ៣ចំណុច ថា ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់ម្ចាស់ គណនី ហ្វេសប៊ុកនិង តិកតុក ខាងលើ គឺជាទង្វើប្រាសចាក ទាំងតម្លៃបេតិកភណ្ឌ និងសីលធម៌ ដូចជា៖
១- ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។
២- កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយា សម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្ត្រីខ្មែរ។
៣- កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាតិ។
ភ្លាមៗនោះ ដែរ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និង សូមណែនាំជាបន្តឱ្យសុំទោសជាសាធារណៈចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយ ដែលប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការមិនសមស្របនេះ ក៏ដូចជាសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសនឹងសីលធម៌ និងប្រពៃណីជាតិខ្មែរ តទៅទៀតនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមសំណូមពរសាធារណជនទាំងអស់ មេត្តាចូលរួមថែរក្សាតម្លៃបេតិកភណ្ឌជាតិ ចៀសវាងការប្រព្រឹត្តនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងតម្លៃស្ត្រីខ្មែរ៕