ម្ចាស់ឱ្យយករថយន្តទៅលក់ មិនប្រគល់ឱ្យលុយម្ចាស់ បែជារត់គេចខ្លួនបាត់

KCSM 2025-01-15 01-53pm

ភ្នំពេញ ៖ រថយន្តRANG ROVER មួយគ្រឿងត្រូវបានម្ចាស់ ឱ្យបុរសម្នាក់ជាជាងជួសជុលរថយន្តជួយយកទៅលក់ បានតែលុយកក់ចំនួន៥០០ដុល្លារ តែដល់ពេលបានលុយគ្រប់ចំនួន ជនសង្ស័យមិនប្រគល់លុយឱ្យទៅម្ចាស់ បែជារត់គេចខ្លួនទៅវិញ បាត់ដំណឹងច្រើនថ្ងៃ ទ្រាំមិនបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។

ភាគីរងគ្រោះមានឈ្មោះ ហុម រ៉ាយូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ២០ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រែវែង ខណ្ឌដង្កោ ហើយរថយន្តដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាក RANG ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9099 ។ ចំណែកភាគីជនសង្ស័យមានឈ្មោះ ណូត ម៉ាច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានAUTOFIK ផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទីលំនៅភូមិអង្គតាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមបណ្តឹងភាគីរងរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសលក់រថយន្តតាមបណ្តាញសង្គម លុះដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យបានទាក់ទងតាមលេឡេក្រាម ប្រាប់ថាមានគេរកទិញ ជនរងគ្រោះក៏បានប្រាប់ដែរ លក់តម្លៃ៧០០០ដុល្លារ ព្រមព្រៀងគ្នាហើយបើកយករថយន្តទៅទុកនៅយានដ្ឋានរបស់ជនសង្ស័យ លុះដល់វេលាល្ងាច ជនសង្ស័យឆាតប្រាប់ថា រថយន្តលក់ហើយ សុំ៥០០ដុល្លារ ជនរងគ្រោះក៏យល់ព្រមដែរ ស្រាប់តែដល់វេលាម៉ោង៧និង៥៩នាទីយប់ថ្ងៃដដែល ជនសង្ស័យបាញ់លុយចំនួន៥០០ដុល្លារឱ្យទៅម្ចាស់រថយន្តដោយប្រាប់ថាជាលុយកក់ នៅខ្វះ៦៥០០ដុល្លារទៀត រងចាំកាត់ឈ្មោះរួចហើយសិន និងសុំយកឯកសាររថយន្តដើម្បីយកទៅផ្ទេរ កាត់ឈ្មោះផង ។

ក្រោយពីលក់រថយន្ត បានត្រឹមលុយកក់ចំនួន៥០០ដុល្លារ ឯកសារប្រគល់ឱ្យគេអស់ ទន្ទឹងរងចាំលុយបង្គ្រប់ បាត់ឈឹងយូរទៅ គ្មានដំណឹង ទាក់ទងលែងបាន ទៅតាមរកមើលដល់យានដ្ឋានក៏មិនឃើញ ដឹងថាបាញ់បោកគេហើយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះ១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ