សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២៥លានរៀលជូនក្រុមគ្រួសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ
KCSM 2025-01-14 02-43pm
(ភ្នំពេញ)នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តិបណ្ឌិតជាប្រធានចំនួន ១០លានរៀលជូនក្រុមគ្រួសារភរិយាសពដែលរងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅប្រទេសវៀតណាម ខណៈឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារសព ឳពុក និងកូនតូចៗ ២នាក់ ដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ៕
ក្នុងឱកាសនោះ ក្រៅពីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព លោកជំទាវ ម៉ែន នារីសោភ័គ បានជូនពរដល់លោកស្រី នន លក្ខណា ដែលកំពុងតែមានរបួសធ្ងន់ធ្ងរ និងកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម សូមឱ្យឆ្លងផុតពីគ្រោះកាចចង្រៃ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ នៅលើផ្លូវ ៦០ម៉ែត្រ បណ្តាលឱ្យមនុស្សមួយគ្រួសារ មានអ្នកស្លាប់ ៣នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ ក្នុងនោះ៖
១. លោក ហេង រតនា (ត្រូវជាប្តី) ទទួលមរណភាពក្នុងអាយុ ២៩ឆ្នាំ។
២. កុមារា សុភ័ក្រ រាជ្យ (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុ ៣ឆ្នាំ។
៣. កុមារី សុភ័ក្រ យ៉ូរ៉ា (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុជាង ១ឆ្នាំ។
៤. លោកស្រី នន លក្ខណា (ត្រូវជាភរិយា) អាយុ ២៣ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម៕
អត្ថបទ៖ កាកបាទក្រហមកម្ពុជា