សូមប្រុងប្រយត្ន័ ! បុរសម្នាក់ឡើងកាប់ស្លឹកត្នោត កុំឱ្យប៉ះខ្សែភ្លើង ស្រាប់តែឆក់ទើរលើចុងត្នោត
៩
KCSM 2025-01-06 07-30am
កំពង់ស្ពឺ ៖ បុរសម្នាក់ឃើញស្លឹកត្នោតប៉ះនឹងខ្សែភ្លើងនៅមុខផ្ទះដីឡូត៍របស់ខ្លួន ក៏ទាញកាំបិតឡើងទៅកាប់ស្លឹកត្នោតចេញ បែជាជួបគ្រោះអកុសល ឆ្លងចរន្តឆក់ស្លាប់ទើរនៅលើចុងត្នោត កាលពីរវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ សួន ជៃ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកន្លែងកើតហេតុខាងលើ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ បន្ទាប់ពីឃើញស្លឹកត្នោតលូតប៉ះនឹងខ្សែភ្លើង ដែលនៅខាងផ្ទះរបស់ខ្លួន ជនរងគ្រោះក៏បានកាន់កាំបិតឡើងទៅកាប់ស្លឹកត្នោតចេញ ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ភ្លាមៗទើរលើចុងត្នោត បង្កឱ្យផ្អើលឆោឡោ អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ រួមជាមួយមន្ត្រីខាងអគ្គិសនី ផ្តាច់ចរន្តភ្លើងរួចនាំគ្នាឡើងទៅយកជនរងគ្រោះដាក់ចុះមកក្រោយ ។
សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ឆ្លៀតក្នុងពេលនោះដែរ អាជ្ញាធរស្រុក ឃុំ សមត្ថកិច្ច ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ ៕
អត្ថបទ៖តាតុងសែនជ័យ