ក្រសួងបរិស្ថានបានរឹបអូសផ្ទៃដី​ពី​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់ នឹង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជា​សហគមន៍​នៅ​ជុំវិញ​នោះ

KCSM 2024-09-05 12-54pm

ភ្នំ(ពេញ)រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា តាម​រយៈ​កិច្ច​សហការ​រវាង​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើ​ការ​បង្ក្រាប ទប់ស្កាត់ និង​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​ផ្ទៃ​ដី​ដែល​បាន​រឹប​អូស​យក​មក​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ទៅ​ដល់​ប្រជា​សហគមន៍​ដែល​រស់​នៅ​ជុំវិញ​ទី​នោះ​ផង ធ្វើ​យ៉ាង​ឲ្យ​ពួក​គាត់​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង និង​ជួយ​ការពារ​ព្រៃ​ឈើ​ដែល​នៅ​សល់​ផង​។

ការ​អះអាង​របស់ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន នា​ទីស្ដីការ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤។

សូម​ជម្រាប​ផង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា «​កម្ម​វិធី​ផ្ដល់​ដី ការពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចិរភាព​» ក្នុង​គោលដៅ​បន្ត​ដោះស្រាយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ដី​ពិត​ប្រាកដ និង​ចូលរួម​ចំណែក​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត

ទន្ទឹម​នឹង​វិធានការ​ទាំង​៣ រួម​មាន​ការ​អនុវត្ត​ច្បាប់​, ការ​សហការ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ការ​គាំទ្រ​បំពេញ​បន្ថែម​ពី​ដៃ​គូរ​ពាក់ព័ន្ធ ដែល​ក្រសួង​បរិស្ថាន​កំពុង​អនុវត្ត និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នោះ វិធានការ​ដែល​រដ្ឋមន្ត្រី​បរិស្ថាន​អះអាង​ថា ទទួល​បាន​ជោគជ័យ​មួយ​ទៀត​នោះ​គឺ ដាំ​ដើម​ឈើ​ឲ្យ​បាន​ច្រើន​ជាង​គេ​កាប់ ដែល​វិធានការ​នេះ​សម្រេច​បាន​តាម​រយៈ​យុទ្ធនាការ «​មួយ​លាន​ដើម​ក្នុង​មួយ​ឆ្នាំ​»​។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

អត្ថបទ៖ ឈិន ធារ៉ាត់