ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បានព្រមាន​ជា​លើក​ចុង​ក្រោយ​ឲ្យ​មន្ត្រី​បរិស្ថាន​សម្អាត​ខ្លួន​ចេញ​ពី​អំពើ​ពុករលួយ

KCSM2024-08-29 01-36pm

(ភ្នំពេញ)រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ព្រមាន​ជា​លើក​ចុង​ក្រោយ​ឲ្យ​មន្ត្រី​បរិស្ថាន​សម្អាត​ខ្លួន​ចេញ​ពី​អំពើ​ពុក​រលួយ បើ​ពុំ​ដូច្នោះ​ទេ គឺ​ត្រូវ​ដក​តួនាទី និង​ក្របខណ្ឌ ហើយ​អាច​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ផង​ដែរ​។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី​មន្ត្រី​បរិស្ថាន រាប់​ចាប់​តាំង​ពី​អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​ប្រធាន​មន្ទីរ​បរិស្ថាន​នៃ​បណ្ដា​រាជធានី​ខេត្ត នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ នា​ទីស្ដីការ​ក្រសួង​បរិស្ថាន​។

រដ្ឋមន្ត្រី​សម្ដី​ផ្អែម ឯកឧត្ដម អ៊ាង សុផល្លែត ថ្លែង​សង្កត់​ធ្ងន់​លើ​បញ្ហា​បំពុល​ទឹក ដែល​ជា​បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​។ ដូច្នេះ​ហើយ មន្ត្រី​បរិស្ថាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ សំដៅ​ការពារ​មិន​ឲ្យ​មាន​ការ​បង្ហូរ​កាក​សំណល់​រាវ និង​ចោល​កាកសំណល់​រឹង​ចូល​ទៅ​ក្នុង​ប្រភព​ទឹក ដែល​នាំ​ឲ្យ​ខូច​បរិស្ថាន​ទឹក​។

រដ្ឋមន្ត្រី​បាន​​ណែនាំ​ទៅ​ដល់​មន្ត្រី​ក្រោម​ចំណុះ​ក្រសួង​បរិស្ថាន​ទាំងអស់​ថា​៖

ទី១ មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត​ដែល​ពាក់ព័ន្ធ និង​អំពើ​ពុក​រលួយ ទទួល​ប្រាក់​ប្រចាំ​ខែ​ពី​រោងចក្រ សហគ្រាស​ដែល​ល្មើស​វិធាន​បរិស្ថាន ជា​ថ្នូរ​នឹង​ការ​បិទ​ភ្នែក​បិទ​ច្រមុះ មិន​អើពើ មិន​ដឹង​ឮ ត្រូវ​បញ្ឈប់​ទង្វើ​ស្មោកគ្រោក​នេះ​ជា​បន្ទាន់​។

ទី២ មន្ទីរ​ពិសោធន៍​បរិស្ថាន ត្រូវ​កែតម្រូវ​នូវ​ចំណុច​អសកម្ម​មួយ​ចំនួន ដែល​កើត​មាន​កន្លង​មក​ចេញ​។ មិន​ត្រូវ​ស៊ុមគ្រលុំ​គ្នា​លាក់បាំង​លទ្ធផល​អវិជ្ជមាន​ដែល​បាន​មក​ពី​ការ​ធ្វើ​ពិសោធន៍​គុណភាព​ទឹក​នោះ​ទេ​។ ការ​ធ្វើ​បែប​នេះ ក៏​មិន​ខុស​អ្វី​ពី​ការ​ចូល​រួម​សកម្មភាព​ល្មើស​ច្បាប់​ដែរ​។ សូម​គិត​ថា សុខភាព និង​អាយុជីវិត​ប្រជាជន​ជាង ១៧ លាន​នាក់​ពឹង​ពាក់​លើ​មន្ទីរ​ពិសោធន៍ និង​មន្ត្រី​បរិស្ថាន​ហ្នឹង​ហើយ​។

ទី៣ ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន មិនមែន​ទៅ​ចរចា​ចំពោះ​បទល្មើស​បរិស្ថាន​នោះ​ទេ​។ កន្លង​មក​ធ្លាប់​មាន​ករណី​មន្ត្រី​បរិស្ថាន​ខ្លះ​ចុះ​ទៅ​ត្រួត​ពិនិត្យ​រោងចក្រ សហគ្រាស​នៅ​តាម​បណ្ដា​ខេត្ត ហើយ​ធ្វើ​របាយ​ការ​បង្ហាញ​រដ្ឋមន្ត្រី​តែ​អំពី​ចំណុច​គួរ​ធ្វើ​នេះ ធ្វើ​នោះ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណុច​ខ្វះខាត​ដែល​ជា​កាតព្វកិច្ច​ត្រូវ​បំពេញ ឬ​មិន​ឃើញ​មាន​ចំណុច​ខុស​ឆ្គង​សោះ ខណៈ​រដ្ឋមន្ត្រី​ក៏​បាន​ជ្រាប​ច្បាស់​ហើយ​ថា​ត្រូវ​ធ្វើ​អ្វី​។ ចំណុច​នេះ រដ្ឋមន្ត្រី​ចោទ​ថា តើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​បង្កើត​ឡើង​ដើម្បី​ទៅ​ចរចា ឬ​បង្ខំ​ឲ្យ​អនុវត្ត​? លោក​ព្រមាន​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ជា​បន្ទាន់​។

ឯកឧត្តម អ៊ាង សុផល្លែត ណែនាំ​ថា ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ត្រូវ​សហការ ឬ​ប្រគល់​ឲ្យ​មេធាវី​ក្រសួង​បរិស្ថាន​ធ្វើ​ការ​តែ​ម្ដង​ទៅ សោះតែ​រំខាន​ពេល​វេលា​ធ្វើ​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​។​

បើ​តាម​ការ​លើកឡើង​របស់​ឯកឧត្ដម ខ្វៃ អាទិត្យា បាន​ឲ្យ​ដឹង​ថា កន្លង​មក​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់​ចេញ​ដោយ​មាន​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្ដោត​លើ​សសរ​ស្ដម្ភ​៣ គឺ ភាព​ស្អាត បៃតង និង​ចិរភាព​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន​នេះ​ដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ឆ្លៀត​បញ្ជាក់​បន្ថែម​ពី​សុខភាព​បរិស្ថាន មាន​៣ គឺ​បរិស្ថាន​លើមេឃ​, បរិស្ថាន​លើ​ដី និង បរិស្ថាន​ក្នុង​ទឹក​។

ចំពោះ​ទី១ បរិស្ថាន​លើ​មេឃ គឺ​ខ្យល់​នៅ​កម្ពុជា មិន​មាន​ជាតិ​ពុល​ទេ តាម​រយៈ​ការ​វាស់​វែង ជា​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​បរិស្ថាន​។

ទី២៖ បរិស្ថាន​លើ​ដី យើង​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ប្តេជ្ញាចិត្ត និង​អនុវត្ត​ដោះស្រាយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​បរិស្ថាន​ល្អ​ប្រសើរ​ឡើង​។ ដូច​ជា​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក យើង​មាន​អ្នក​ប្ដេជ្ញា​ចិត្ត ដោយ​មាន​អ្នក​ចូល​រួម​កាត់​បន្ថយ ប្រមាណ​ជាង​៩​លាន ៥​សែន​នាក់​។ ឯកឧត្ដម អ៊ាង សុផល្លែត បាន​សម្ដែង​នូវ​ការ​ជឿជាក់​ថា នៅ​ឆ្នាំ ២០២៥ នឹង​គ្មាន​ថង់​ប្លាស្ទិក ហោះ​តាម​ផ្លូវ​ទៀត​ទេ​។ យុទ្ធនាការ​បន្ទាប់​គឺ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​»​។

ទី៣៖ បរិស្ថាន​ក្នុង​ទឹក ក្រសួង​បរិស្ថាន កំពុង​យក​ចិត្ត​ទុក​ដាក់ ដោយ​ដាក់​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ គុណភាព​ទឹក​កខ្វក់​របស់​រោងចក្រ​សហគ្រាស ធ្វើ​យ៉ាង​ណា​ធានា​ប្រភព​ទឹក​មាន​បរិស្ថាន​ល្អ

អត្ថបទ៖ ឈិន ធារ៉ាត់