តើពាក្យថា កាលានុវត្តន៍ សក្ដានុពល និង នវានុវត្តន៍…មាននយ័ដូចម្តេច?
KCSM2024-07-29 05–15pm
កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងភាពបត់បែនខាងនយោបាយ ស្របតាមការរីកចម្រើនសកល បានជះឥទ្ធិពលយ៉ាងខ្លាំងលើផ្នែកវប្បធម៌។ ក្នុងនោះវិស័យអក្សរសាស្ត្រ និងភាសាដែលជាផ្នែកមួយនៃវប្បធម៌ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនង និងការកសាងលិខិតបទដ្ឋានគតិយុត្តិ ក៏មានការប្រែប្រួលផងដែរ ដោយគេសង្កេតឃើញថា ពីមួយជំនាន់ទៅមួយជំនាន់ ពាក្យថ្មីៗ ប្រយោគ ឃ្លោងឃ្លាប្លែកៗក៏លេចឡើងជាហូរហែ។ ជាមួយគ្នានេះ បញ្ហាប្រឈមក៏កើតមានដែរ បញ្ហានោះគឺការស្ដាប់មិនយល់ ឬយល់មិនស្របគ្នាទៅតាមមូលដ្ឋានគ្រឹះនៃពាក្យ។ អ្នកដែលប្រឈមខ្លាំងជាងគេនោះ គឺអ្នកសារព័ត៌មាន និងប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ ដែលតែងពាំនាំខ្លឹមសារសំខាន់ៗនានាពីក្រុមអ្នកដឹកនាំប្រទេស ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់ក្រុមអ្នកដឹកនាំប្រទេសវិញ ដោយធ្វើយ៉ាងណាសម្រាយខ្លឹមសារដ៏ស្មុគស្មាញឲ្យខ្លី និងងាយយល់ទៅឲ្យសាធារណជនទូទៅបានជ្រាប ដោយត្រឹមត្រូវតាមខ្លឹមសារដើម។
ជាក់ស្ដែងពាក្យ កាលានុវត្តន៍ សក្ដានុពល និងនវានុវត្តន៍ មានលេចប្រើយូរមកហើយ ប៉ុន្តែនៅតែមានមនុស្សម្នាខ្លះមិនទាន់ជាក់ច្បាស់នូវអត្ថន័យ។
ពាក្យថា កាលានុវត្តន៍ ឬកាលានុវត្តភាព ជាកន្សោមពាក្យ ដែលគេបង្រួមចូលគ្នាឲ្យទៅជាមួយពាក្យ(សមាស) បានមកពីពាក្យ (កាល+អនុវត្តន៍) ឬ (កាល+អនុវត្ត+ភាវ) ។ បើនិយាយឲ្យចំ គឺកាលសមគួរដែលត្រូវធ្វើ (អនុវត្ត) ឬការធ្វើ (អនុវត្តន៍) ឲ្យត្រូវពេលវេលា។ និយាយមួយបែបទៀត គឺការចាប់យកឱកាសដើម្បីអនុវត្តកិច្ចការអ្វីមួយឲ្យមានប្រសិទ្ធភាព។ ឱកាសដែលអនុគ្រោះឲ្យចាប់យកប្រយោជន៍ពីកិច្ចការអ្វីមួយ។ ពាក្យនេះវាត្រូវគ្នា និងពាក្យអង់គ្លេសថា Opportunity។
ពាក្យថា សក្ដានុពល (សក្ដា: អំណាច + អនុពល: កម្លាំងប្រើបាន) ពាក្យទាំងពីរនេះបូកចូលគ្នាទៅមានន័យត្រឹមតែថា អំណាចកម្លាំង ឬធនធានដែលអាចប្រើបាន។ ឧ. មនុស្សមានសក្ដានុពល គឺ មនុស្សមានចំណេះជំនាញអ្វីមួយដែលត្រូវប្រើការឲ្យកើតជាប្រយោជន៍តាមតម្រូវការ។ សក្ដានុពលទេសចរណ៍ក្នុងតំបន់ សំដៅដល់ទីតាំងដែលទាក់ទាញទេសចរទៅកម្សាន្តជាដើម។ ពាក្យនេះវាត្រូវគ្នា និងពាក្យអង់គ្លេសថា Potential ។
ពក្យថា នវានុវត្តន៍ (នវៈ: ថ្មី + អនុវត្តន៍: ការធ្វើតាម, ប្រព្រឹត្តិតាម) ពាក្យនេះមានន័យថា ការធ្វើអ្វីដែលថ្មី ឬនាំមកនូវធ្វើដែលថ្មី ឬដាក់បញ្ចូលអ្វីដែលថ្មីសម្រាប់អនុវត្តន៍។ ឧ. បណ្ឌិត្យសភានគរបាលបានធ្វើនវានុវត្តន៍លើកម្មវិធីបណ្ដុះបណ្ដាលនគរបាលជំនាន់ថ្មី។ ពាក្យនេះវាត្រូវគ្នា និងពាក្យអង់គ្លេសថា Innovation ។
ឯកសារពិគ្រោះ៖ វចនានុក្រមខ្មែរ សម្ដេច ជួន ណាត់, វចនានុក្រមថ្មី រាជបណ្ឌិត្យសភាកម្ពុជា, Oxford Dictionary ។
អត្ថបទ៖ ឈិន ធារ៉ាត់