អ្នកនាំពាក្យក្រសួងការពារជាតិ៖ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។
KCSM2024-07-22 17-52pm
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្រក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកនេះថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម បន្ថែមថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរបងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕
អត្ថបទ:K005